(ឧត្តរមានជ័យ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋវិលពីប្រទេសថៃ ទៅដល់ស្រុកកំណើតមានប្រមាណជាង ៤ម៉ឺននាក់។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងសម្ដេចតេជោ បានថ្លែងកោតសរសើររដ្ឋបាលខេត្ត ក្រងស្រុក ឃុំសង្កាត់ ភូមិ និងក្រុមការងារថ្នាក់ជាតិ ដែលបានរួមគ្នាជាមួយសមត្ថកិច្ចព្រំដែន ព្រមទាំងប្រជាពលរដ្ឋ ក្នុងកិច្ចការពារព្រំដែន គ្រប់គ្រងច្រកទ្វារព្រំដែន និងការចេញចូលរបស់ពលរដ្ឋទាំងសងខាងទាំងកន្លងមក និងជាពិសេសក្នុងពេលដែល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺនេះ មានពលរដ្ឋខ្មែរយើងមួយចំនួន បានសំរុកវិលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ ដូច្នេះ មន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ប្រជាពលរដ្ឋ ឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏ត្រូវស្នើសុំកិច្ចសហការជាមួយភាគីថៃ ដើម្បីកំណត់ជាក់លាក់ នូវច្រកអនុញ្ញាត ឱ្យពលរដ្ឋឆ្លងដែនវិលចូលប្រទេសដែរ។ យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវត្រៀមមន្ត្រីពាក់ព័ន្ធ នៅតាមបណ្ដាច្រករបៀងមួយចំនួនដែរ ដើម្បីធានាថាប្រសិនពលរដ្ឋខ្លះងាកទៅឆ្លងដែនតាមច្រករបៀង គឺយើងអាចគ្រប់គ្រងពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ហើយតំណាលគ្នានេះ ក៏ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ ពួកគាត់ឱ្យបានដឹងពីសារៈសំខាន់ នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ពេលធ្វើដំណើរទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះដល់ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ។

ឱកាសនោះដែរ លោកអភិបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលបានឆ្លងដែនចូលប្រទេសវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា គិតត្រឹមម៉ោង៤៖៣០នាទីរសៀល មានជាង១,២០០នាក់ ក្នុងនោះជាង៤០០នាក់ គឺជាប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ហើយភាគច្រើន អាជ្ញាធរបានក្ដាប់អត្តសញ្ញាណបាន។

ដោយឡែក អាជ្ញាធរខេត្តក៏បានរៀបចំទីតាំង សម្រាប់ដាក់ឱ្យនៅដោយឡែក នូវប្រជាពលរដ្ឋមានការសង្ស័យ រួមមានមន្ទីរពេទ្យបង្អែក ផ្ទះសំណាក់ វិទ្យាល័យ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាល បានចុះអប់រំផ្សព្វផ្សាយណែនាំដល់គ្រប់ភូមិទូទាំងខេត្តឧត្តរមានជ័យដែរ៕