(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការដែលជនជាតិឥណ្ឌូនេស៊ីពីររូប ព្យាយាចាកចេញពីប្រទេសថៃ មកស្វែងរកការព្យាបាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ព្រោះតែការព្យាបាលនៅកម្ពុជាមិនអស់ថ្លៃ ខណៈការព្យាបាលនៅប្រទេសថៃត្រូវចំណាយថ្លៃព្យាបាលខ្ពស់។

ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានប្រកាសបង្ហាញថា មានជនជាតិឥណ្ឌូនេស៊ីពីររូប ត្រូវបានរកឃើញមានជំងឺកូវីដ១៩។ ក្នុងសេចក្តីប្រកាសបានគូសបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីពីររូបនេះ បានរកឃើញមានជំងឺកូវីដ១៩នៅមន្ទីរពេទ្យផាយ៉ាថៃ នាទីក្រុងបាងកក ប្រទេសថៃ តែពួកគេបាននាំគ្នាមកព្យាបាលនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នបុរសជនជាតិឥណ្ឌូនេស៊ីដែលមានអាយុ ៤១ឆ្នាំ និង៤៤ឆ្នាំនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។

ប្រជាពលរដ្ឋខ្មែរបានសម្តែងការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាជនជាតិឥណ្ឌូនេស៊ីពីររូបនេះ រកឃើញមានជំងឺនៅក្នុងប្រទេសថៃហើយ បែរជាមករកការព្យាបាលនៅក្នុងប្រទេសកម្ពុជាទៅវិញ ខណៈគោលការណ៍អាស៊ានបានកំណត់ថា អ្នកជំងឺរកឃើញនៅប្រទេសណា ត្រូវព្យាបាលនៅប្រទេសនោះ?

លោកស្រី ឱ វណ្ឌឌីន បានបំភ្លឺទៅលើករណីនេះយ៉ាងដូច្នេះ «យើងដឹងហើយថា ថៃមិនមែនមើលទទេទេ គាត់យកលុយ។ ខ្ញុំមិនដឹងថា គេយកលុយប៉ុន្មានទេ ប៉ុន្តែយើងឮហើយការប្រកាសរបស់ថៃ ជនបរទេសទាល់តែមានកញ្ចប់ធានារ៉ាប់រងសុខភាព១០ម៉ឺនដុល្លារ ទើបឱ្យចូលស្រុកថៃ។ អ៊ីចឹងដោយសារឥណ្ឌូនេស៊ីហ្នឹងអត់លុយ គាត់ក៏ធ្វើដំណើរដោយសារឮថាស្រុកខ្មែរព្យាបាលដោយមិនយកលុយ។ អ៊ីចឹងគាត់ក៏ធ្វើដំណើរមកស្រុកយើង»

លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា ពេលធ្វើដំណើរពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យក្នុងខេត្តសៀមរាប ជនជាតិឥណ្ឌូនេស៊ីទាំងពីររូបនេះ បានជួលផ្តាច់រថយន្តមួយគ្រឿងធ្វើដំណើរមក ដូច្នេះមិនមានអ្នកប៉ះពាល់ជាមួយពួកគាត់ច្រើននោះទេ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស ៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់៕