(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៥នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល សាលារាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញរៀបចំពិធីក្រុងពាលី តាមបែបសាសនា នៅទីតាំងស្ពានអាកាសតិចណូ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថាជា «ស្ពានអាកាស៥មករា» ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ ជាផ្លូវការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃស្អែក។

ស្ពានអាកាស៥មករា ត្រូវបានដាក់ឲ្យដំណើការប្រើប្រាស់សាកល្បង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។  ស្ពានអាកាសតិចណូ ត្រូវ​សម្ពោធបើកការដ្ឋាន​សាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ​ក្រោមអធិបតីភាពសម្តេចតេជោ ​ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយមហាវិថី​សហព័ន្ឋរុស្ស៊ី ​ឆ្លងកាត់ខាងលើ​ប្រសព្វមហាវិថី គីម អ៊ីលស៊ុង ​និង មហាវិថី ម៉ៅ សេទុង​ មានបណ្តោយ៣៨២ម៉ែត្រ​ , ទទឹង១៥,៨ម៉ែត្រ ​ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ​ និង ទទឹងពី៦ទៅ៨ម៉ែត្រ។

ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ​ សាងសង់ដោយក្រុមហ៊ុន ​វិនិយោគទុនអាណិកជនកម្ពុជា​ ( OCIC )​ ដោយចំណាយថវិកាសាងសង់ប្រមាណ ​១៤.៥០២.៤៧៦ដុល្លារ ​បានមកពីគម្រោងវិនិយោគ នានា​របស់ក្រុមហ៊ុន OCIC៕