(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ច នៃតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ បានជួបប្រជុំ នៅរដ្ឋសភា នា រសៀលថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០១៦ នេះ។ជាការប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។ ជំនួបពិភាក្សា របស់​ក្រុមការងារចំពោះកិច្ចនៅពេលនេះ បានពិភាក្សា និងផ្តល់យោបល់ លើមតិយោបល់ ដែលទទួលបានពីប្រធានសហជីព នាពេលកន្លងមាន ដែល​មានជាប់ទាក់ទងលើមាត្រាចំនួន ១៩មាត្រា ក្នុងចំណោមមាត្រាទំាង១០០ ក្នុងសេចក្តីព្រាងច្បាប់នេះ។

ជាការកត់សំគាល់ ក្រុមការងារចំពោះកិច្ច នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា បានកំណត់ថា នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើ​សេចក្តីព្រាងច្បាប់នេះ នាពេលខាងមុខ។ គោលបំណងនៃការធ្វើសិក្ខាសាលានេះ គឺដើម្បីមានការចូលរួមកាន់តែទូលំទូលាយ ពីអ្នកពាក់ព័ន្ធ ដើម្បី​ឲ្យសេចក្តីព្រាងច្បាប់សហជីពនេះ ក្លាយជាច្បាប់មួយ ដែលបម្រើផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋពិតប្រាកដ។ ជំនួបពិភាក្សានេះ បានធ្វើឡើង ដោយមានការចូលរួមពី លោក​ ប៉ែន បញ្ញា ប្រធាន និងលោក សុន ឆ័យ អនុប្រធានក្រុមការងារចំពោះកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ប៉ែន បញ្ញា បានលើកឡើងថា រដ្ឋសភាបានកំពុងធ្វើឲ្យសេចក្តីព្រាងច្បាប់ស្តីពីសហជីព មានលក្ខណៈប្រសើរ ដែល​​អាចទទួលយកបានគ្រប់ភាគី។ ក្រុមការងារចំពោះកិច្ច នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភានាពេលថ្មីៗនេះ បានជួបជាមួយប្រធាន​សហជីពជាច្រើនដើម្បីស្តាប់មតិ យោបល់របស់ពួកគេ ក្នុងការកែលម្អរ សេចក្តីព្រាងច្បាប់នេះ។

សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពូក ​​និងចែក​ចេញជា១០០មាត្រា។ ​​នៅក្នុងសេចក្តីថ្លែងហេតុដែលរាជរដ្ឋាភិបាល បានភ្ជាប់មកជូន រដ្ឋសភា ជាមួយសេចក្តីព្រាងច្បាប់បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសហជីពមូលដ្ឋានចំនួន ៣២១៤ សហជីព សហព័ន្ធសហជីពចំនួន៨៤ សហព័ន្ធ សហភាពសហព័ន្ធសហជីព ចំនួន១៣ សហភាព និងសមាគមនិយោជក ចំនួន៥សមាគម។

សេចក្តីថ្លែងហេតុបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលចាត់ទុកបណ្តា សហជីព និងអង្គការវិជ្ជាជីវៈទំាងអស់ ជាដៃគូសង្គម ហើយសហជីព និងអង្គការវិជ្ជាជីវៈ ទំាងនេះក៏បានចូលរួមចំណែក ក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត និងលើកកម្ពស់ការអភិវឌ្ឍជាតិ បើ​ទោះបីជានៅមានការប្រឈមខ្លះក៏ដោយ»។

រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ក្នុងទស្សនៈ ដើម្បីលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃកម្ពុជា ត្រង់មាត្រា៣៦ និងច្បាប់ស្តីពីការងារត្រង់ជំពូកទី១១ ព្រមទំាងអនុសញ្ញាអន្តរជាតិ ខាងការងារលេខ៨៧ និង៩៨។

រាជរដ្ឋាភិបាលបានចាត់ទុក សេចក្តីព្រាងច្បាប់សហជីព គឺជាសមិទ្ធផលថ្មីមួយ ក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តមួយ ក្នុងគោលបំណងដើម្បីគំាទ្រ ការ​អនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា៕