(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ​យ៉ាងខ្លាំងនៅលើ Facebook អំពីសកម្មភាពព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឥឡូវនេះសម្តេចតេជោ បានបង្កើត និងដាក់ដំណើរជាផ្លូវការនូវគេហទំព័រ និងកម្មវិធីទទួលព័ត៌មាន (Website & App) ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋចូលមើល និងតាមដានរាល់ព័ត៌មានថ្មីៗ ស្តីពីសកម្មភាពដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។

គេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះ www.samdechhunsen.gov.kh និង App: Samdech HUN SEN។ ការដាក់ដំណើរគេហទំព័រ និងកម្មវិធីទទួលព័ត៌មាននេះ ធ្វើឡើងចំថ្ងៃនៃខួបកំណើតអាពាហ៍ពិពាហ៍៤០ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចតកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សូមជំរាបថា គិតត្រឹមដើមឆ្នាំ២០១៦នេះ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកើនឡើងដល់១.៧លាននាក់ ។ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ដែលពេលនោះមានចំនួន១លាននាក់។ បើតាមការសង្កេតទំព័រ Facebook របស់នាយករដ្ឋមន្រ្តី មានអ្នកចុច Like គ្រប់វិនាទី ពោលរាល់ការ Refresh Page តែងឃើញមានចំនួនអ្នកចុច Like កើនឡើងជានិច្ច។

សូមបញ្ជាក់ថា App របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះដំណើរការតែនៅលើប្រព័ន្ធទូរទស័ព្ទ Android មុន។ ហើយ App សម្រាប់កម្មវិធី iOS អាចនឹងដំណើរការនៅពាក់កណ្តាលខែមករា ឆ្នាំ២០១៦នេះ៕