(ភ្នុំពេញ)៖​ ភ្នាក់ងារ Fresh News បានរាយការណ៍ថា មានបុរសស្រវឹងអាងយ៉ាងម្នាក់ បើកឡានទំនើបបុកម៉ូតូមួយគ្រួសារ បណ្តាលឲ្យឪពុកបាក់ជើងទាំងពីរ និងកូនស្រីអាយុ៤ឆ្នាំ បាក់ជើងម្ខាង ខណៈម្តាយរងរបួសតិចតួច ហើយចុះមករករឿងទាំងខ្លួនខុសទៀត ធ្វើឲ្យមានការខឹងសម្បាពីប្រជាពលរដ្ឋ បំរុងនិងកើតហឹង្សាតែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៌ទាន់ពេល។

ហេតុការណ៌នេះបានកើតឡើងនៅម៉ោង ១២៖៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែមករា ​ឆ្នាំ​២០១៦ តាមបណ្តោយផ្លូវសុធារសកែងនិងផ្លូវលេខ ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌខំការមន។

ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញគ្រួសារមួយមានគ្នាបីនាក់ ដែលប្រកបររកស៊ីលក់សណ្តែកដីពេលយប់ ដោយមធ្យោបាយម៉ូតូវីវាមួយគ្រឿង ជិះតាមបណ្តោយផ្លូវសុធារស ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងក៏មានបុរសស្រវឹងម្នាក់ បើករថយន្ត Camry ស្លាកលេខភ្នំពេញ 2Q-0069​ មកដល់ដែរ បានបុកពេញទំហឹង ជាមួយម៉ូតូធ្វើឲ្យខាងម៉ូតូរងរបួសធ្ងន់ធ្ងរពីរនាក់ (ឪពុក​កូនបាក់ជើងទាំងពីរនាក់)​ បន្ទាប់មកបុរសដែលបង្កនោះបានចុះពីរថយន្តរករឿងជនរងគ្រោះថែមទៀត​។

បន្ទាប់មកបុរសបង្កបាន ខលហៅបងប្អូនដែលជិះរថយន្ត Land Cruiser កប់សេរី​ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ៖​ 2AI-6699 មករំដោះចេញពីកន្លែងកើតហេតុ ដោយគេចវេសមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន បន្ទាប់ពីឡើងជិះរថយន្តដែលមករំដោះ ចេញនោះប្រមាណជា២គីឡូម៉ែត្រក៏ត្រូវបានកម្លាំងអាវុធហត្ថ ជាច្រើននាក់ ដេញចាប់យកមកវិញបង្កជាភាពអាម៉ាស់ ដល់ម្ចាស់រថយន្ត Land Cruiser​ សេរីទំនើបនោះផង ដែលរងការមើលងាយពីសំណាក់ប្រជាពលរដ្ឋថា ពិតជាថោកមែនដែលខ្លួនសុទ្ធតែជាអ្នក មានគ្រាន់តែ រឿងគ្រោះថ្នាក់មិនព្រមដោះស្រាយជួយមើលគ្នាទេ បែរជាព្យាយាមគេចរត់ទៅវិញ។ ចុងក្រោយម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរ ត្រូវបានចរាចរខណ្ឌចំការមន ឃាត់ខ្លួនយកទៅអធិការដ្ឋានដើម្បីដោះស្រាយនៅពេលក្រោយ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាលចរាចរខណ្ឌចំការមន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៥ ខែមករា នេះថា គ្រោះថ្នាក់ចរាចរណ៌មួយនេះ មិនបណ្តាលឲ្យឪពុកបាក់ជើងនោះឡើយ គឺបាក់ជើងតែកូនប៉ុណ្ណោះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ កម្លាំងនគរបាល កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕