(ភ្នំពេញ)៖ ការកាន់កាប់ និងប្រើប្រាស់អាវុធនៅពេលបច្ចុប្បន្ននេះ ហាក់មានភាពសេរីដោយសារតែជនស៊ីវិលធម្មតាមួយចំនួន ក៏មានកាំភ្លើងកាន់ផងដែរ ទាំងនេះបង្ហាញឲ្យឃើញថា ការគ្រប់គ្រងអាវុធជាតិផ្ទុះ នៅមានភាពទន់ខ្សោយនៅឡើយ ។ ជាក់ស្តែងសូម្បីតែបុរសម្នាក់ ត្រឹមអ្នកបូជាសពសោះ ក៏មានកាំភ្លើងខ្លី និងមានគ្រាប់កាន់ជាប់ខ្លួនផងដែរ ។

នៅម៉ោង១១៖២០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្លោងទ្វារចូលបារចតុមុខ សង្កាត់ស្រះចក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០២នាក់​ករណីប្រើប្រាស់អាវុធខុសច្បាប់។

មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យទី១-ឈ្មោះ ឃុត សុភត្រា អាយុ៤០ឆ្នាំ មុខរបរ អ្នកបូជាសព​នៅវត្តទឹកថ្លា ស្នាក់ផ្ទះលេខ​១៥៨D ភូមិតំណាក់ត្រយឹង បុរីសន្តិភាព២ សង្កាត់​ចោមចៅ​ ពោធ៏សែនជ័យ និងទី២ ឈ្មោះ បូក ចណ្ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ​ផ្ទះលេខ១៧ ជាន់ទី៦ ប្លុកបុរីកីឡា ខណ្ឌ៧មករា។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លី០១ដើម គ្មានម៉ាក គ្មានលេខនិងគ្រាប់រ៉ូឡូ០៥គ្រាប់  ម៉ូតូ០១គ្រឿងម៉ាកC125 ពណ៏ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1A-6079 ទូរស័ព្ទសាំសុង ​០១គ្រឿង និងម៉ាក iPhone5 ០១គ្រឿង ខ្សែកធ្វើពីលោហះធាតុ ពណ៌ទង់ដែង ចំនួន០១ខ្សែខ្សែដៃធ្វើពីលោហះធាតុ ពណ៌ទង់ដែងចំនួន០១ខ្សែ ចិញ្ជៀនពីលោហះធាតុពណ៌ទង់ដែង ចំនួន០១ខ្សែ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថាកាំភ្លើង គឺរូបគេទិញពីថៃមក ក្នុងតំលៃ៣០០០បាត ដើម្បីទុកគ្រាន់ការពារខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕