(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង៩រូប បានបើកកិច្ចប្រជុំពេញមួយព្រឹកហើយ មិនទាន់ទទួលបានលទ្ធផល ក្នុងការចម្រាញ់យកបេក្ខភាព ទៅកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងនៅឡើយទេ ហើយនឹងបន្តទៅរសៀលថ្ងៃនេះ បន្តទៀត។ ភាពតានតឹងនេះ ក៏ដោយសារតែថ្នាក់ដឹកនាំ គ.ជ.ប ត្រូវការពិនិត្យ ផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ទៅលើបេក្ខភាពទាំង ៨៨រូប ដែលសុទ្ធតែមានលក្ខណៈសម្បត្តិល្អៗគ្រប់រូប។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះថា ការចម្រាញ់ និង ជម្រុះបេក្ខភាព ដែលបានដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប នេះ មានភាពស្វិតស្វាញ និង តានតឹងខ្លាំង ដោយសារត្រូវការផ្ទៀងផ្ទាត់ ពិនិត្យពិច័យ ឲ្យបានល្អិតល្អន់។ «យើងមានការលំបាកខ្លាំងក្នុងការជម្រុះ ដោយយើងត្រូវធ្វើការពិនិត្យពិច័យផ្ទៀងផ្ទាត់ប្រៀបធៀប បេក្ខភាពនីមួយៗ ឲ្យបានល្អិតល្អន់បំផុត ក្នុងការជម្រុះនេះ។ ធ្វើយ៉ាងណា ឲ្យការជម្រុះមានភាពសុក្រឹត និងតម្លាភាពបំផុត»

សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំ គ.ជ.ប ទាំង ៩រូប បានបើកកិច្ចប្រជុំពិនិត្យ និង ជម្រុះបេក្ខភាព ដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការង គ.ជ.ប ដោយរក្សាទុកតែ ១៥រូបប៉ុណ្ណោះ។ ក្នុងនោះបេក្ខភាពអគ្គលេខាធិការរក្សាទុក ៣រូប និង អគ្គលេខាធិការរងចំនួន ១២រូប។

សូមរំលឹកថា មានបេក្ខភាពមកពីចម្រុះស្ថាប័នចំនួន ១២៤រូប រួមទាំងលោក ទេព នីថា អគ្គលេខាធិការនាពេលបច្ចុប្បន្ន និងអគ្គលេខាធិការរងដទៃទៀតផងដែរ បានដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ មានបេក្ខភាពចំនួន ៣៨រូបហើយ (អគ្គលេខាធិការ ១២រូប អគ្គលេខាធិការរង ២៦រូប) ត្រូវបានថ្នាក់ដឹកនាំ គ.ជ.ប ប្រជុំជម្រុះចេញ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា តំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប នេះ គ្រាន់តែជាអ្នកជំនួយការ ជួយឲ្យការបោះឆ្នោត ប្រព្រឹត្តទៅទាន់ពេលវេលា មិនមែនជាអ្នកសម្រេចចិត្ត លើបញ្ហាផ្សេងៗនោះឡើយ។ រាល់ការសម្រេចចិត្ត គឺស្ថិតលើសមាជិកទាំង ៩រូប របស់ គ.ជ.ប ដែលរើសដោយ គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ៕