(បាត់ដំបង)៖ ដើមដូងទី១០តាមដងស្ទឹងសង្កែ ត្រូវបានដាំឡើងវិញ និងសម្ពោធដាក់កូនចៅជំនាន់ ក្រោយបានស្គាល់ ដើម្បីរំឭកនៃបទចម្រៀងអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត នាព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០១៥ នៅចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ​មន្រ្តីរាជការ ជុំវិញខេត្តជាច្រើនរូប​​។

បន្ទាប់ពីលោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដល់គណៈអធិបតី និងក្នុងអង្គពិធី ដោយបានបញ្ជាក់ពីលទ្ធផល នៃការីកចម្រើនលើគ្រប់វិស័យកន្លងមក ពិសេសសោភ័ណភាព អនាម័យ បរិស្ថាន ក្នុងទីក្រុងបាត់ដំបង មានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ ក៏អាស្រ័យដោយក្រោមការផ្តួចផ្តើម និងសហការពីរដ្ឋបាលខេត្តបាត់ដំបងយើង​។ ការដាំដើមដូងចំនួន១០ដើមនេះ គឺជារឭកខួប និងគុណបំណាច់របស់ចាស់ៗជំនាន់មុន ពិសេសកវីនិពន្ធបទចម្រៀង និងអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ដែលបានច្រៀងចម្រៀងជាច្រើនបទ ដែលមានការទាក់ទងនឹងប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង ក្នុងនោះមានបទ «ម្លង់ដូងទី១០» ផងដែរ។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានធ្វើការសំណេះសំណាល ក្នុងឱកាសនោះ​ និងបានក្រើនរំឭកពីសក្តានុពល​ ជាប្រវត្តិសាស្រ្តខេត្តបាត់ដំបង តាំងពីសម័យដើម មកទល់បច្ចុប្បន្ន នៅតែមានឈ្មោះ បោះសម្លេងមិនសាបសូនឡើយ។ លោក អភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីក្រុងបាត់ដំបង បានទទួលជ័យលាភីទីក្រុងស្អាតកន្លងមក រដ្ឋបាលខេត្ត តែងសហការជាមួយរដ្ឋបាលក្រុង និងមន្ទីរជំនាញពាក់ព័ន្ធផ្សេងទៀត ខិតខំកសាង និងអភិវឌ្ឍន៍កែលម្អសោភ័ណភាព ទីក្រុងឲ្យបានល្អកាន់តែប្រសើឡើង និងខិតខំអភិរក្សរបស់ដែលនៅសេសសល់ ពីសម័យដើមទាំងឡាយ ទុកជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រជាជលរដ្ឋយើង ពិសេសកូនចៅ ក្មេងៗជំនាន់ក្រោយ ឲ្យបានស្គាល់នូវអត្តសញ្ញាណជាតិ និងប្រវត្តិសាស្រ្តខេត្តបាត់ដំបង ស្ថិតក្នុងក្រអៅបេះដូង ប្រជាពលរដ្ឋយើងគ្រប់គ្នាផងដែរ។

លោកបានបញ្ជាក់ទៀតថា យើងបានធ្វើពិធីនេះឡើង គឺទី១ដើម្បីរំឭកគុណនិងស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុក នូវស្នាដៃកវីនិពន្ធ អ្នកចម្រៀង ទីរំឭកគុណការបង្កើតឡើង នូវខេត្តបាត់ដំបង និងចំពេលរំឭកខួបថ្ងៃ៧មករា ដែលយើងទាំងអស់គ្នា បានរស់រានមានជីវិតជាលើកទី២ និងទី៣ ដើម្បីរៀបចំសោភ័ណភាព ទីក្រុងស្អាតយើង ឲ្យកាន់តែប្រសើបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុង និងក្រៅស្រុកពួកគេបានមកទស្សនា កាន់តែច្រើនឡើងរាល់ថ្ងៃ ជាលំដាប់តទៅ។

បន្ទាប់ពីសំណេះសំណាលរួច គណអធិបតីក៏បានកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ឲ្យប្រជាពលរដ្ឋ មកកម្សាន្តលេងពីពេលនេះ​ តទៅផងដែរ៕