(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានបញ្ជាទៅកម្លាំងសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់​ ឃាត់រថយន្តតួរីសមួយគ្រឿង រត់ឈ្នួល ក្រោយពីអ្នកបើករថយន្តមួយគ្រឿងនេះ ព្រហើនដោយបើកកិនជើង មន្រ្តីសណ្តាប់ធ្នាប់សាលាខណ្ឌ ខណ:ដែលកំពុងចុះរៀបចំសណ្តាប់ធ្នាប់ និងពន្យល់ណែនាំ ពីការចតរថយន្ត នៅចំណុចគល់ស្ពានជ្រោយចង្វារ។

មន្រ្តីសាលាខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News ថា នៅវេលាម៉ោង ១១:៤០ នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ មានរថយន្តតាក់សុី មួយគ្រឿងផ្លាកលេខ ភ្នំពេញ 2AF - 0630 បើកបរដោយតែកុងទំនើង ព្រហើនមិនស្តាប់ការណែនាំរបស់អាជ្ញាធរ ដែលហាមមិនឲ្យ ចតឡានចាប់ម៉ូយនៅចំមុខគល់ស្ពាន ដែលអាចបណ្តាលឲ្យមានការកកស្ទះ នឹងមានគ្រោះថ្នាក់ ជាយថាហេតុណាមួយ។

ប៉ុន្តែតៃកុងឡានរូបនេះ មិនត្រឹមតែមិនស្តាប់ការណែនាំ បែរជាហ៊ានបំពានបើកបុក កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ដែលកំពុងចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិចនិងបានបង្កឲ្យ កម្លាំងសមត្ថកិច្ចម្នាក់ មានរបួសជើង ហើយកំលាំងបានធ្វើការឃាត់ខ្លួន តៃកុងទំនើងនោះភ្លាមៗ នៅនឹងកន្លែង រីឯជនរងគ្រោះ ក៏បានបញ្ជូនទៅមន្ទីពេទ្យផងដែរ។

សូមបញ្ចាក់ផងដែរថា លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ តែងបានដាក់បទបញ្ជា អោយកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ ជារៀងរាល់ថ្ងៃ ដើម្បីសម្រួលភាពងាយស្រួលដល់អ្នកដំណើរផ្សេងៗ នឹងសុវត្ថភាពជូនប្រជាពលរដ្ឌ ដោយធ្លាប់ទាំងនាំម្ចាស់រថយន្ត មកពន្យល់ណែនាំ ដល់ខណ្ឌថែមទៀតផង ប៉ុន្តែពួកគាត់នៅតែដដែលជាដដែល ហើយការនាំម្ចាស់រថយន្ត មកណែនាំគឺមិនមានការផាកពិន័យអ្វីនោះទេ គឺគ្រាន់តែនាំមកពន្យល់ អោយដឹងពីផលប៉ះពាល់នានា៕