(ក្រចេះ)៖ រថយន្តដឹកទំនិញ សំពីងសំពោងមួយគ្រឿង​ បើកបរដោយបុរសជនជាតិថៃ​ បានបើកបុកបង្គោលស្លាក ទេសចរណ៍តាមដងផ្លូវមាត់ទន្លេ​ នៅចំណុចបឹងគីឡូ​ ក្នុងសង្កាត់ក្រចេះ ​ក្រុងក្រចេះ​ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០១៦នេះ ​ដែលបង្កឡើងដោយរថយន្តខាងលើ​ បណ្ដាលឲ្យបង្គោលស្លាកទេសចរណ៍ រងការខូចខាតទាំងស្រុង។

រថយន្តបង្ក​ គឺជារថយន្តដឹកទំនិញផលិតផល តាំងពិពណ៌​មកពីប្រទេសថៃ​ បើកបរដោយបុរស និងអ្នករួមដំណើរជាជនជាតិថៃ​ ដោយធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង​ ស្រាប់ដល់ចំណុចផ្លូវបំបែកខាងលើ ក៏បើកបត់ឆ្វេង ដោយអត់មើលពីស្លាកចរាចណ៍ ហាមឃាត់​មិនឲ្យរថយន្តធំៗ ធ្វើចរាចរឆ្លងកាត់ ទើបបណ្ដាលឲ្យមានហេតុការកើតឡើង​ តែមិនបង្កឲ្យអ្នករួមដំណើរ ណាម្នាក់​រងរបួសឡើយ។

ក្រោយពេលកើតហេតុ នគរបាលចរាចណ៍ខេត្ត បានចុះអន្តរាគមន៍ដល់កន្លែងភ្លាមៗ នឹងបាននាំយករថយន្តបង្ក មករក្សាទុកបណ្ដោះអាសន្ន នៅស្នងការនគរបាលខេត្តក្រចេះ​ ដើម្បីឲ្យម្ចាស់រថយន្តបង់សំណងជូនរដ្ឋ៕