(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានជំរុញឲ្យមន្រ្តីជំនាញពន្លឿនការដោះស្រាយលើនីតិវិធីចរាចរណ៍ ឲ្យបានឆាប់រហ័សជូនទៅដល់ពលរដ្ឋដូចជាការផ្តល់ស្លាកលេខ និងការបង់ពន្ធលើយានយន្ត ដែលបានមកពីការចាប់ឃាត់ក្នុងពេលអនុវត្តច្បាប់ចរាចរណ៍ថ្មីៗនេះ។

ថ្លែងទៅកាន់លោកប្រធានមន្ទីរពាក់ព័ន្ឋ រួមមានសាខាគយនិងរដ្ឋករខេត្តមន្ទីរសាធារណៈការ មន្ទីរពន្ឋដារ និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ នៅក្នុងកិច្ចប្រជុំដែលបាន ធ្វើឡើងនៅ​សាលខេតត្តក្រចេះ នាល្ងាចថ្ងៃទី៥ ខែមករា អភិបាលខេត្តក្រចេះនិងជាប្រធាន អនុកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក សរ ចំរុង បានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងតែអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ត្រូវអនុវត្តឲ្យបានម៉ឺងមាត់ ធ្វើទៅតាមសភាពជាក់ស្តែងជៀសវាងទំនាស់ ត្រូវអនុវត្តឲ្យស្មើរភាព។

ក្នុងអំឡុងពេល៤ថ្ងៃចាប់ពីថ្ងៃដំបូងនៃការអនុវត្តច្បាប់ចរាចរណ៍ថ្មី ខេត្តក្រចេះបានចាប់ឃាត់ម៉ូតូគ្មានពន្ធ គ្មានស្លាកលេខបានចំនួន ៦៩គ្រឿង នាំមករក្សាទុកនៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី ហើយលទ្ធផលការផាកពិន័យ ក្នុងអំឡុងពេល៤ថ្ងៃនេះ បានចំនួន១៧លានរៀល និងអប់រំណែនាំបានចំនួន១៨៣ករណី។នេះបើតាមស្នងការនគរបាលខេត្តក្រចេះ ឧត្តមសេនីយ៍ លន់ សុផាត ។
លោក លន់ សុផាត បានឲ្យដឹងថាខេត្តក្រចេះសព្វថ្ងៃមានម៉ូតូចំនួនជាង២៨.៨១៤គ្រឿង ក្នុងនោះគ្មានស្លាក លេខ២១.២១៨គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួនជាង២.៤១៧គ្រឿងគ្មានស្លាកលេខ ចំនួន៧៦៤គ្រឿង។ លោកថា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺនគរបាលបានបែងចែងជា៨គោលដៅ ប្រើប្រាស់កម្លាំងសរុបចំនួន១២៦នាក់៕