(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ចេញសេចក្តីណែនាំ ពីវិធានការជំរុញការងារបង្កបង្កើនផលកសិកម្ម នៅក្នុងរដូវវស្សាឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
សេចក្តីណែនាំរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសកលលោក និងក្នុងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ ដែលអាចបង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដើម្បីត្រៀមស្បៀងបម្រុងទុក សម្រាប់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាព តម្លៃផលិត ផលកសិកម្មក្នុងដំណាក់កាល ដែលមានផលប៉ះពាល់ជាសកលអាចអូសបន្លាយ រយៈពេលយូរនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់ គ្រប់អង្គភាព ក្រោមឱវាទ ដែលពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ដទាំងអស់ នៅក្នុងរដូវវស្សាឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ត្រូវអនុវត្ដនូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម ៖
ក៖ អគ្គនាយកដ្ឋានកសិកម្ម៖
១៖ ត្រូវជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់កសិករ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្តបង្គុំបច្ចេកទេសទំនើប ការលើក កម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។
២៖ ត្រូវពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធ នឹងការរាតត្បាតសមាសភាពចង្រៃ ក្នុងទិសដៅទប់ស្កាត់ការធ្លាក់ចុះបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង និងសុខមាលភាពរបស់ប្រជាជន និងខូចទីផ្សារ។
៣៖ ត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំ ក្រោមក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជាសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំ នៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ នៅរដូវវស្សាខាងមុខនេះ។
ខ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៖
១៖ ត្រូវជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ មានគុណភាព អនាម័យនិងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ ដោយត្រូវបំផុស និងលើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹមសត្វដែលមានវដ្ដផលិតកម្មខ្លី ដូចជា មាន់ ទា ជាដើម។
២៖ ត្រូវជំរុញក្រុមហ៊ុនចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មឱ្យបង្កើនទុនវិនិយោគបន្ថែម ទៀតក្នុងការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងបង្កើនផលិតកម្មសត្វ។
៣៖ ត្រូវជំរុញក្រុមហ៊ុនផលិតចំណីសត្វក្នុងការបង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនការផលិតចំណីសត្វ ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។
៤៖ ត្រូវជំរុញសមាគមចិញ្ចឹមសត្វ ឱ្យបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល រៀបចំផែនការផលិតកម្មសត្វស្របតាមវិធានជីវសុវត្ថិភាព ឬគោលការណ៍ណែនាំស្ដីពីការ អនុវត្តការចិញ្ចឹមសត្វល្អ (GAHP) ដើម្បីធានាបានការផ្គត់ផ្គង់សត្វ។
គ៖ រដ្ឋបាលជលផល៖
១៖ ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ដល់ប្រជាកសិករ និងអ្នកវិនិយោគផ្នែកនេះ ដើម្បីធានាបាននូវការ ផ្គត់ផ្គង់ត្រី កាត់បន្ថយ ការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ។
២៖ ត្រូវបង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម។
៣៖ ត្រូវផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូល បន្ថែមក្នុងការធ្វើវារីវប្បកម្ម។
ឃ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត៖
១៖ ត្រូវធ្វើការណែនាំដល់ប្រជាកសិករ និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់ ផលិតកម្មកសិកម្មឱ្យត្រៀមលក្ខណៈ ក្នុងការបង្កបង្កើនផលក្នុងរដូវវស្សាខាងមុខ ដើម្បីបង្កើនផលិតកម្មស្បៀងគ្រប់ប្រភេទប្រកប ដោយគុណភាព និងសុវត្ថិភាព។
២៖ ត្រូវសម្របសម្រួលសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងកំណត់តំបន់មានប្រភពទឹក ឬតំបន់ដែលមានស្ថានភាពអំណោយផល នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវសម្របសម្រួល ស្វែងរកលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ជំរុញផលិតកម្មដំណាំ នៅដើមរដូវវស្សានេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។
៣៖ ត្រូវធ្វើជាអន្តរការីដ៏សកម្ម និងមានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតជាមួយនឹងអ្នកប្រមូលទិញ តាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការផ្គត់ផ្គង់ និងថ្លៃកសិផលសមរម្យ។
ង៖ អង្គភាពអនុវត្តគម្រោងអភិវឌ្ឍន៍កសិកម្ម និងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង៖
១៖ ត្រូវជំរុញការអនុវត្តផែនការសកម្មភាព ដែលបានអនុម័តរួច ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេស ឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍ជំងឺកូវីដ-១៩នេះ។
២៖ ត្រូវរាយការណ៍ជាទៀងទាត់មកក្រសួង នូវលទ្ធផលដែលសម្រចបាន ដើម្បីក្រសួងមានវិធានការសមស្របបន្ត។
ក្រសួងកសិកម្មសង្កត់ធ្ងន់ថា អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការឱ្យបានល្អជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួល បានជោគជ័យ៕