(ភ្នំពេញ)៖ ជនដៃដល់ម្នាក់ដែលបាញ់ប្រហារបណ្តាលឲ្យស្រ្តីជាអតីតប្រពន្ធរបស់ខ្លួនស្លាប់ ខណៈកូនស្រីពៅរបស់ខ្លួនរងរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជានាយរងនគរបាលប៉ុស្តិ៍ទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប៉ុន្តែជននេះត្រូវបានកម្លាំងនគរបាលរួមសហការគ្នា តាមចាប់ខ្លួនបាននៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយកើតហេតុជាង ៣ម៉ោង។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោ២០៖១០នាទី មានករណីឃាតកម្មមួយកើតឡើង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបង្កឡើងដោយជនដៃដល់ម្នាក់ជាមន្រ្តីនគរបាលជាតិ ដោយបានបាញ់ប្រហារមួយ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងក្មេងស្រីតូចម្នាក់រងរបួសធ្ងន់ ដែលក្រោយមកគេដឹងថា ជាអតីតប្រពន្ធ និងកូនស្រីពៅរបស់ជនដៃដល់ ក្រោយពួកគេបានលែងលះគ្នាប៉ុន្មានខែមកនេះ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, នគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ, នាយកដ្ឋានកណ្តាលសន្តិសុខ និងកម្លាំងនគរបាលខេត្តកណ្តាល ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ ស្រាវជ្រាវរហូតតាមចាប់ជនដៃដល់បាននៅវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃដដែល ក្រោយដែលជនដៃដល់បានរត់ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

របាយការណ៍នេះបានបន្តថា ករណីនេះកើតឡើងបណ្តាលមកពីគំនុំ និងខឹងជាមួយនឹងអតីតភរិយា ដែលបានលែងលះគ្នាដាច់ស្រេចហើយ រហូតមានសាលក្រមសម្រេចលើការលែងលះនេះតាំងពី ខែមករា ឆ្នាំ២០២០មកម្ល៉េះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដោយឡែកជនរងគ្រោះ២នាក់ម្តាយ និងកូនស្រីរួមមាន៖

*ទី១៖ ឈ្មោះ សូរ ពៅមរកត (ជាម្តាយ និងអតីតប្រពន្ធជនដៃដល់) អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ស្លាប់)
*ទី២៖ ឈ្មោះ ជា អារីយ៉ា (កូនស្រី) អាយុ៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតអាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់ និងសំបកគ្រាប់២គ្រាប់។

តាមដំណើររឿង៖ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅមុខមន្ទីរពេទ្យសែនសុខ ផ្លូវ១៩៨៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធខ្លីបង្ក ដោយជនដៃដល់ឈ្មោះ ជា ចាន់បូរ៉ា ជានាយរងប៉ុស្តិ៍ទឹកថ្លា បានប្រើអាវុធខ្លីម៉ាក រ៉ូឡូ បានបាញ់ចំនួន២គ្រាប់ ចូលក្នុងរថយន្តឡិចស៊ីស RX-300 ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2M-3050 បណ្តាលឲ្យស្រ្តីឈ្មោះ សូ ពៅមរកត អាយុ៣៧ឆ្នាំ (ប្រពន្ធជនដៃដល់) ស្លាប់តាមផ្លូវទៅបន្ទីរពេទ្យ និងក្មេងស្រីឈ្មោះ សូ អារិយា អាយុ៧ឆ្នាំ (កូនស្រីជនដៃដល់) កំពុងសង្រ្គោះបន្ទាន់នៅ មន្ទីពេទ្យគន្ធបុប្ផា រួចជនដៃដល់ក៏បានធ្វើការគេចខ្លួនបាត់តែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលតាមស្ថាប័នពាក់ព័ន្ធ ក្រោមការបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានចុះទៅទីតាំងផ្ទះបងស្រីរបស់ជនដៃដល់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានឃាត់ខ្លួនជនដៃដល់នៅមុខផ្សារគគី។

ក្រោយពីធ្វើការឃាត់ខ្លួន ជនដៃដល់បានឆ្លើយសារភាពបឋមថា «មូលហេតុដែលខ្លួនប្រើអាវុធខ្លីបាញ់ចំនួន ០២គ្រាប់ ចូលក្នុងរថយន្តខាងលើ ដោយសារតែភ្លើងប្រចណ្ឌ។ បន្ទាប់មក សមត្ថកិច្ចបាននាំជនដៃដល់ទៅដកហូតកាំភ្លើងនៅកន្លែងដែលខ្លួនលាក់នៅដីឡូតិ៍ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បងស្រីរបស់ជនដៃដល់បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនដៃដល់មានកំហឹងយូរហើយជាមួយបុរសនោះ ដោយធ្លាប់និយាយថាប្រសិនបើលះលែង ជាមួយគាត់ហើយ ទៅយកបុរសម្នាក់នោះ គឺគាត់នឹងតាមបាញ់សម្លាប់ហើយ។ ចុងបញ្ចប់ថ្ងៃនេះប្អូនរបស់គាត់ ដែលជាមន្រ្តីនគរបាលខណ្ឌសែនសុខ តាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសនោះ បានប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ។ ក្រោយពីបាញ់សម្លាប់ហើយ គាត់បានរត់គេចខ្លួនផ្ទះរបស់បងស្រីរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់៕