(ភ្នំពេញ)៖ ក្រសួងការពារជាតិ ទទួលបានអំណោយជាទឹកអាល់កុល ចំនួន១០តោន ពីក្រុមហ៊ុន អឹមអេច បាយអូ-អេនើជី (M.H Bio-Energy CO.,LTD.) ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 និងដើម្បីឲ្យក្រសួងចែកចាយបន្ដទៅកាន់អង្គភាពចំណុះ។

ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្ដុភារហរិញ្ញវត្ថុ នៃក្រសួងការពារជាតិ និងលោក JEON SIHANG អគ្គនាយកដ្ឋានក្រុមហ៊ុន អឹមអេច បាយអូ-អេនើជី។

ការប្រគល់ទឹកអាល់កុល ពីសំណាក់ក្រុមហ៊ុនផលិតនេះ ធ្វើឡើងដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល ជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា និងដើម្បីឲ្យក្រសួងការពារជាតិ សម្រាប់ចែកជូនតាមកងឯកភាព នៃកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក គង់ សាលី បានផ្ដាំផ្ញើនូវការថ្លែងអំណរគុណរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជូនដល់ក្រុមហ៊ុន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភទឹកអាល់កុល ចំនួន១០តោន ។

លោកឧត្តមសេនីយ៍ឯក គង់ សាលី បានបន្ថែមថា ក្រោយទទួលបានក្រសួងការពារជាតិ នឹងរៀបចំការបែងចែកភ្លាមៗ ទៅកាន់បណ្ដាកងអង្គភាពទាំងអស់ចំណុះក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តប្រកាសនូវដំណឹងល្អជូនប្រជាពលរដ្ឋថា អ្នកជំងឺកូវីដ១៩ រហូតដល់៥នាក់ថ្មីទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕