(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានអនុម័តទទួលស្គាល់លោកស្រី នូ សុវណ្ណនី ជាតំណាងរាស្ត្រមណ្ឌលតាកែវ និងជ្រើសតាំងលោក ឡូយ សុផាត ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) ជំនួសលោក ជា វ៉ាន់ដេត ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡងក្រោមវត្តមានរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួនទៀតរួមមាន៖

* ជ្រើសតាំងលោក ចាយ បូរិន ជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួសលោក ឡូយ សុផាត
* ជ្រើសតាំង លោកស្រី លី គឹម លៀង ជាលេខាធិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួសលោក ចាយ បូរិន
* ជ្រើសតាំង លោក ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ សនវកម្ម ជំនួសលោកស្រី លី គឹមលៀង។

ជាមួយគ្នានេះដែរ អង្គប្រជុំ បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន» ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

លោកស្រី នូ សុវណ្ណនី

លោក ឡូយ សុផាត