(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្ដន៍ជំងឺកូវីដ១៩ ម្ដងក្នុងមួយសប្ដាហ៍។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អស់រយៈពេល ប្រមាណ៤ម៉ោង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងគួរតែធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្តន៍ជំងឺកូវីដ១៩ ម្តងក្នុងមួយសប្តាហ៍ ក្រៅពីក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ព័ត៌មានជារៀងរាល់ថ្ងៃពីជំងឺមួយនេះ ដោយកំណត់យកថ្ងៃមួយណាក៏បាន ដើម្បីផ្ដល់ព័ត៌មានពីបច្ចុប្បន្នភាព លើបញ្ហាជំងឺកូវីដ១៩» ។
លើសពីនោះ សម្ដេចតេជោ ថ្លែងបន្ដថា «បើក្នុងករណីបន្ទាន់ ពីជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាល គឺអាចធ្វើសន្និសីទសារព័ត៌មាន ខុសពីវិសាមញ្ញាក៏បានផងដែរ»។
សូមជម្រាបថា បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩នៅកម្ពុជា រហូតដល់៥នាក់ថ្មីទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់៕