(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការមិនអនុញ្ញាតឲ្យបងប្អូនខ្មែរ នៅម៉ាឡេស៊ីជាង១៥០នាក់ ចូលមកកម្ពុជា មិនមែនសម្តេចអគុណធម៌នោះទេ ប៉ុន្តែជាពេលវេលាដ៏លំបាក គឺមានតែសុំការយោគយល់ពីពួកគាត់ ដើម្បីកុំឲ្យប៉ះពាល់បងប្អូនខ្មែរ ប្រមាណ១៦លាននាក់។
ការលើកឡើងរបស់សម្ដេចតេជោ ក្រោយពីប្រទេសកម្ពុជាសម្រេចមិនអនុញ្ញាតឲ្យបងប្អូនខ្មែរដែលធ្វើដំណើរ តាមជើងយន្តហោះពីប្រទេសម៉ាឡេស៊ី ជាង១៥០នាក់ ចូលមកកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩។
ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏សុំឲ្យបងប្អូនខ្មែរ នៅម៉ាឡេស៊ីជាង១៥០នាក់នោះ មេត្តាយោគយល់ចំពោះការមិនអនុញ្ញាត ឲ្យចូលប្រទេសកម្ពុជា ដោយសារតែត្រូវទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់ប្រជាពលរដ្ឋនៅក្រៅប្រទេស ត្រូវយកចិត្តទុកដាក់គោរពតាមបែបបទនៅក្នុងប្រទេសរបស់គេនោះផងដែរ។ សម្តេចបាន បញ្ជាក់ថា ការសម្រេចចិត្តរបស់សម្តេចកាលពីយប់មិញនេះជាការសម្រេចដ៏ឈឺចិត្ត ប៉ុន្តែគ្មានជំរើសក្រៅពីនេះទេ សុំបងប្អូននៅម៉ាឡេស៊ី ១៥០នាក់ ដែលត្រៀមហោះហើរចូលមកកាន់ប្រទេសកម្ពុជានៅថ្ងៃនេះមេត្តាយោគយល់ ស្នាក់នៅទីនោះសិន។
សម្តេចតេជោ ក៏បានស្នើរឱ្យអ្នកនៅម៉ាឡេស៊ីទាំង១៥០នាក់ អ្នកនៅទីណា សូមនៅទីនោះសិន កុំអាលធ្វើការចល័ត ព្រោះយើងបានឃើញហើយថា មានអ្នកចូលមក១០០នាក់ ឆ្លងប្រហែល៨០នាក់ហើយ មាននិស្សិតខ្មែរម្នាក់មកពីអាមេរិក មកដល់ចូលទៅចក្រអង្រែភ្លាម និស្សិតខ្មែរម្នាក់មកពីជប៉ុន មកដល់ចូលទៅចក្រអង្រែភ្លាម ទៅទទួលការព្យាបាល ដូចនេះស្ថានភាពនៅពេលនេះ ការចំលងជំងឺពីខាងក្រៅ ចូលមកក្នុងស្រុកគឺស្ថិតនៅក្នុងស្ថានភាពដែលសំខាន់ណាស់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យប់មិញនេះខ្ញុំសម្រេចចិត្តដ៏លំបាក ទាក់ទិនជាមួយនឹងបងប្អូន១៥០នាក់នៅម៉ាឡេស៊ី យើងមានតែសុំការ អង្វរកគាត់ ឲ្យស្ថិតនៅទីនោះសិន ដើម្បីផលប្រយោជន៍ធំរបស់ប្រទេសជាតិគ្មានជម្រើសណាផ្សេងទេ ហើយមិនមែនខ្ញុំអគុណធម៌ទេ...នេះជាពេលវេលាដ៏លំបាក យើងមានតែសុំការយោគយល់ពីគាត់ ដើម្បីឲ្យគាត់យោគយល់ ដល់ប្រជាពលរដ្ឋ ប្រមាណ១៦លាននាក់ នៅក្នុងប្រទេសកុំឲ្យឆ្លង»។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមរណទុក្ខចំពោះបងប្អូនខ្មែរ ដែលបានស្លាប់ដោយសារតែជំងឺកូវីដ១៩ នៅប្រទេសក្រៅ រួមទាំងអាមេរិកផងដែរ។
គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៥៨នាក់ហើយបានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៥៧នាក់ ក្នុងចំណោមកូវីដ១១៥ករណី គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០៕