(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវសុំការយោគយល់ពីវិស័យឯកជន បញ្ចុះថ្លៃជួលទីតាំងសម្រាប់ការរកស៊ីនានាទម្លាក់តម្លៃជួល ឬត្រូវពន្យារពេលបង់ថ្លៃជួល ដោយឡែកសម្រាប់វិស័យធនាគារវិញ មិនត្រូវរឹបអូសដីធ្លី ផ្ទះសំបែង និងគួរមានការពន្យារការកាត់បន្ថយការប្រាក់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារវីរុស COVID-19។

ការអំពាវនាវបែបនេះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារ តែការីករាលដាលនៃវីរុស COVID-19 ដែលបានធ្វើឱ្យអ្នករកស៊ីមួយចំនួនធំនៅកម្ពុជា ដែលជួលទីតាំងអ្នកដទៃរកស៊ីបានរងផលប៉ះពាល់ ដោយសារតែគ្មានភ្ញៀវចេញ-ចូល ក្នុងហាងរបស់ពួកគាត់ ទាំងនេះ គឺជាចំណុចដែលធ្វើឱ្យអ្នករកស៊ីជួបផលវិបាក ចំពោះការបង់ប្រាក់ជួលទីតាំងប្រកបអាជីវកម្មរបស់ខ្លួន ជាដើម។

ការអំពាវនាវជាថ្មីបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន រៀបចំសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំបន្តអំពាវនាវសុំការយោគយល់ពីវិស័យឯកជន ដែលខ្ញុំបាននិយាយនៅរដ្ឋសភា កាលពីថ្ងៃទី៣០ ដូចជាការជួលខ្លះបើកហាងនេះ បើកហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់គាត់នៅទៅយកពេញថ្លៃ យករបៀបម៉េចទៅ? ដំណាក់កាលនេះអត់បានទេ ត្រូវបញ្ចុះតម្លៃក្នុងពេលហ្នឹង ត្រូវយោគយល់អាហ្នឹង ឯកជន និងឯកជន [...] ការបង់រំលោះផ្ទះ កាលពីមុនធ្លាប់មានប្រាក់ចំណូល ប៉ុន្តែ អីឡូវអស់ប្រាក់ចំណូល ធ្វើយ៉ាងម៉េចបានបង់ ស្រាប់តែម្ចាស់បុរី ចេញរឹបអូសក្នុងពេលហ្នឹង ផ្តាច់កុងត្រា ឱ្យគ្នាទៅនៅឯណា? មិនគួរឱ្យមានការរឹបអូស ផ្ទះសំបែង ឬដីធ្លី នៅក្នុងកាលៈទេសៈ COVID-19 នេះទេ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់វិធានការខាងផ្នែកធនាគារ គឺឃើញធ្វើមកច្រើនហើយ ក៏ប៉ុន្តែ សម្តេចសុំលើកទឹកចិត្ត ឱ្យវិស័យធនាគារ បន្តធ្វើទៅមុខទៀត ដើម្បីបង្ហាញពីការយោគយល់ដល់ប្រជាពលរដ្ឋដែលជាកូនបំណុល ដែលរងផលប៉ះពាល់ដោយសារតែវីរុស COVID-19 នេះជាដើម តាមរយៈការបន្ធូរបន្ថយការប្រាក់ ឬពន្យាការសងអត្រាការប្រាក់ ដោយមិនផាកពិន័យចំពោះកូនបំណុល ដែលយឺតយ៉ាវ ក្នុងការបង់ប្រាក់ផងដែរ។

ការសុំអំពាវនាវរបស់សម្តេចចំពោះការយោគយល់ពីសំណាក់ម្ចាស់ទីតាំងជួល និងវិស័យធនាគារ នាពេលនេះ មិនមែនជាបទបញ្ជានោះទេ ប៉ុន្តែ វាជាការអំពាវនាវរបស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន លើការពន្យាការសង ការបន្ធូរបន្ថយការប្រាក់ ព្រមទាំងមិនគួរគម្បី ឱ្យមានការរឹបអូសទ្រ្យសម្បត្តិនានា នៅក្នុងបរិបទដែលកម្ពុជា កំពុងតែជួបនឹងវិបត្តិដោយសារតែការរីករាលដាលនៃវីរុស COVID-19 នោះទេ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ករណីកូនបំណុលណាមួយដែលរងផលប៉ះពាល់ដោយសារតែវីរុស COVID-19 ប៉ុន្តែ យកលេសពីផលប៉ះពាល់ ដើម្បីគេចវេសចំពោះការសងបំណុលដែលខ្លួនបានជំពាក់ធនាគារ គឺមិនបានជាដាច់ខាត ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបង់ថ្លៃជួល ការបង់រំលោះផ្ទះ បង់រំលោះរថយន្ត ព្រមទាំងការបង់រំលោះអ្វីៗ ផ្សេងទៀតនៅកម្ពុជា គឺមានច្រើនប្រភេទ នៅក្នុងប្រទេសកម្ពុជា ដូច្នេះ គម្បីម្ចាស់ទីតាំង និងអតិថិជន ដែលជាអ្នកបង់រំលោះ ត្រូវផ្តល់នូវការយោគយល់គ្នា ទៅវិញទៅមក ដើម្បីចូលរួមសម្រួលការលំបាកនៅក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងតែជួបនូវវិបត្តិ នៃការរាតត្បាតវីរុស COVID-19 នេះ៕