(ភ្នំពេញ)៖ អាជ្ញាធរ បានលើកឡើងថា យើងរួមគ្នាបង្ការទប់ស្កាត់ការពារមេរោគ COVID-19 ចំពោះការលើកឡើងបែបនេះ ខណៈចុះចែកអំណោយជូនប្រជាជនទីទ័លក្រ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ នៅបរិវេណវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌ និងលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ព្រមទាំងមន្ត្រីក្រោមឱវាទសាលាខណ្ឌ បាននាំយកអំណោយរបស់សម្តេចព្រះពោធិវ័ង្ស អំលឹមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ទៅចែកជូនផ្តល់ជូនដល់ដៃបងប្អូនប្រជាជនទីទ័លក្រប្រមាណចំនួន៧០គ្រួសារ ដែលរស់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មានមតិជួបសំណេះសំណាល ជាមួយបងប្អូនប្រជាជននាឱកាសនោះ លោក ចេង មុនីរ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាជនដែលជួបប្រទះនូវជីវភាពខ្វះខាត ជួបការលំបាកទាំងអស់ ហើយជានិច្ចកាល ទីណាមានការលំបាក ទីនោះ តែងមានសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចុះជួយបង ប្អូនជាប់ជានិច្ចដោយ មិនទុកឲ្យបងប្អូនណាម្នាក់រងគ្រោះ គ្មានអាហារបរិភោគឡើយ។

លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានលើកឡើងអំពីការ អភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដោយពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នាឱកាសនោះដែរ អភិបាលខណ្ឌច្បារអំពៅ ក៏បានណែនាំដល់ប្រជាជនថា បើបងប្អូនប្រជាជនណាមិនមានការចាំបាច់ទេ គួរគម្បីកុំធ្វើដំណើរចេញពីផ្ទះឲ្យសោះ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយ តាមឧគ្ឃោសនស័ព្ទ ឬតាមមេក្រូនៅភូមិ សង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះថែទាំសុខភាព ឲ្យបានល្អនិងទប់ស្គាត់ការឆ្លងមេរោគ COVID-19 ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាជនទូទៅ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំជឿលើការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះ។

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ក៏បានលើកឡើង ដោយសង្កត់ធ្ងន់ទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុសកូរ៉ូណា១៩ (COVID-19) នេះ សូមបងប្អូនជឿជាក់ដោយទុកចិត្ត មកលើការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន និងសេចណែនាំ របស់ក្រសួងសុខាភិបាល ពីវិធានការ ក្នុងការការពារនៃការឆ្លងមេរោគ កូវីដ១៩នេះ។

ក្នុងឱកាសនោះដែរ ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាជនទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាតពោលគឺត្រូវតែស្អាតជានិច្ចដើម្បីជៀសវាងផុតនូវការឆ្លងនិងការរីករាលដាលនៃ វីរុសកូរ៉ូណា១៩ (COVID-19) នេះ។

លោក ចេង មុនីរ៉ា បានឲ្យដឹងទៀតថា នេះគឺជាអំណោយលើកទី២ហើយ ដោយសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ផ្ដល់ជូនប្រជាជនទីទ័លក្រ តាមរយៈអាជ្ញាធរ ឲ្យយកមកចែក ជូនប្រជាជនទីទ័លក្រ ៧០គ្រួសារ នៅថ្ងៃនេះ ហើយកាលពីដើមខែមេសានេះ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ផ្ដល់អំណោយជូនប្រជាជនទីទ័លក្រ ចំនួន១០០គ្រួសារផងដែរ។

ជាមួយគ្នានេះដែរ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ក៏បានបញ្ជាក់ដែរថា អំណោយដែលសម្តេចពោធិវ័ង្ស អំ លឹមហេង ផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតនាពេលនេះ គឺក្នុងមួយគ្រួសារៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល, អង្ករ ២៥គីឡូក្រាម, មី ១កេស និងសម្ភារៈផ្ទះបាយ១ឈុតធំផងដែរ៕