(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញវិធានការ៤ចំណុច បន្ថែមទៀតដល់រោងចក្រ សហគ្រាស បើសិនជាមានកម្មករឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងការងារបានបញ្ជាក់ថា៖ យោងអនុក្រឹត្យលេខ៥០អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមបញ្ជាក់បន្ថែមដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ នេះ ដូចខាងក្រោម៖

១៖ កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។

២៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។

៣៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។

៤៖ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។

ក្រសួងបានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ក្រសួងមានសេចក្ដីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖