(ព្រៃវែង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាន​ប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាប្រវត្តិសាស្ត្រថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ុំ វណ្ណា ប្រធាន​ក្រុម​ការងារបក្ស ចុះជួយឃុំចុងអំពិល រួមជាមួយសមាជិក សមាជិការបក្សឃុំ និងមន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ ក្នុងឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ចូលរួមជាច្រើនរូបទៀត។

លោក អ៊ុំ វណ្ណា ប្រធានក្រុមការងារបក្សចុះជួយឃុំចុងអំពិល បានឲ្យដឹងថា ការប្រារព្ធ​នូវ​ពិធីរំលឹកខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា នេះ ជាការរំលឹកខួបនូវថ្ងៃកំណើតទី២ នៃការរស់​រាន​មានជីវិតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយក៏ជា​ការរំលឹកដល់ប្រជាពលរដ្ឋទូទៅ ពិសេសស្រទាប់យុវជនឲ្យយល់ច្បាស់ ចងចាំជានិច្ច និងដឹងគុណជានិច្ច នៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃ​ធំៗ​ជាប្រវត្តិសាស្ត្រ ដែលគណ​បក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិ តាំងពីដំណាក់​កាល​សង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះ​ វិលមកជាលើកទី២។

លោក អ៊ុំ វណ្ណា បានបន្តថា សោកនាដកម្មក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែល​ប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុកឥតជញ្ជាំង ដោយពួកប៉ុលពត បានបង្ខិតបង្ខំប្រជាជន ឲ្យធ្វើការ​លើសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងបិទសិទ្ធិសេរីភាព គ្រប់​បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវា​បាន​កាប់សម្លាប់ និងធ្វើទារុណកម្មប្រជាជន​ឯង ​យ៉ាងសាហាវព្រៃផ្សៃបំផុត រហូតដល់ថ្ងៃរំដោះ ៧មករា ១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវ​បានផ្ដួលរំលំ ដោយសារកម្លាំងមហាសាមគ្គី របស់​រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។ គុណបំណាច់ដ៏ធំធេងនេះ ប្រជាជនកម្ពុជាចងចាំជានិច្ច និងមិនអាចបំភ្លេច​បាន​ឡើយថ្ងៃ​៧​មករា គឺជាថ្ងៃកំណើតទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយ​សារ​មាន​ថ្ងៃ​រំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើងអាចរស់រាន មានជីវិតឡើងវិញ និងមានសេរីភាព រហូត​មកដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបក្សឃុំចុងអំពិល បានឧបត្ថមដល់ការរៀបចំពិធី​ នូវថវិកាចំនួន ១លាន៦សែនរៀល, ឧបត្ថមដល់សមាជិក សមាជិការបក្ស ក្នុងម្នាក់៥ពាន់រៀល, ចូលបច្ច័យកសាងវត្ត១លាន់រៀល, ឧបត្ថមដល់សាលារៀនពារោងថវិកា ៦០ម៉ឺនរៀល, ឧបត្ថមដល់​នគរបាលប៉ុស្តិ៍ ៣០ម៉ឺនរៀល, ឧបត្ថមដល់មេភូមិ ៧នាក់ ក្នុងម្នាក់ថវិកា ២ម៉ឺនរៀល, មេឃុំ ២០ម៉ឺន​រៀល, និងអ្នករៀបចំកម្មវិធី ១០ម៉ឺនរៀល៕