(ពោធិ៍សាត់)៖ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃក្នុងខួបអនុស្សាវរីយ៍ ៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា កាលពីម្សិលមិញនេះ បានបើកការប្រគំតន្រ្តី ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូប ដើម្បីនាំមកនូវភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ព្រមទាំងកម្មករ កម្មការិនី ប្រមាណជា ៧ពាន់នាក់ ស្ថិតនៅបរិវេណវត្តសម្ដេចយស ក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីសំណេះសំណាល និង ការប្រគំតន្រ្តី​ នាំមកនូវភាពសប្បាយរីករាយក្នុងថ្ងៃជ័យជម្នះ ៧ មករា ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ខ្លួននេះ បានប្រព្រឹត្តក្រោមអធិបតីភាពលោក លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ។

ការប្រគំតន្រ្តីនេះមានការអញ្ជើញចូលរួមពី តារាចម្រៀងល្បី និងពេញនិយមនៅកម្ពុជា ជាច្រើនរូបរួមមាន៖ កញ្ញា មាស សុខសោភា, កញ្ញា សុគន្ធ នីសា, កញ្ញា ស៊ុន ស្រីពេជ្រ ,លោក នី រតនា និងលោក សៅ ឧត្តម ផងដែរ។

លោក កែវ រតនៈ បានថ្លែងក្នុងឱកាសនោះថា ថ្ងៃ០៧ ខែមករា គឺជាថ្ងៃជ័យជម្នះលើពួកបនក្បត់ ប៉ុល ពត ហើយក៏ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។ ការជួបជុំគ្នាថ្ងៃនេះ ដើម្បីអបអរសាទរថ្ងៃ៧ មករា ខួបលើកទី៣៧ផង និងជួបសំណេះសំណាលសួរសុខទុក្ខគ្នា ទៅវិញទៅមកផង។

លោក កែវ រតនៈ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្រៅពីរំដោះប្រទេស និងជីវិតប្រជាពល រដ្ឋខ្មែរហើយនោះ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ។

លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានឲ្យរោងចក្រនានា ពិសេសរោងចក្រកាត់ដេរដំឡើងប្រាក់ខែ ឲ្យកម្មករកម្មការិនី ឲ្យអស់លទ្ធភាព ដើម្បីធានាកុំឲ្យបិទទ្វារ។ ជាមួយគ្នានោះ បានបើកឲ្យវិនិយោគិនមកធ្វើវិនិយោគកាន់តែច្រើន ដើម្បីប្រកួតប្រជែងគ្នា បើរោងចក្រណាហ៊ាន ឲ្យប្រាក់ខែកម្មករច្រើន កម្មករពេញចិត្ត នឹងនៅបម្រើការងារជាប់រហូត តែបើរោងចក្រណាឲ្យប្រាក់ខែទាប កម្មករដើរចេញវាជារឿងរបស់រោងចក្រ។

លោក កែវ រតនៈ ក៏បានលើកឡើងពីច្បាប់ការងារ ដើម្បីឲ្យកម្មករកម្មការិនីយល់ដឹង និង បានបញ្ជាក់ថា នៅពេលខាងមុខនេះ កម្មករកម្មការិនី ក៏មានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ប៉ុន្តែគ្រួសារនីមួយៗ ត្រូវមានអត្តសញ្ញាណប័ណ្ណ និងចុះអេតាស៊ីវិលឲ្យបានត្រឹមត្រូវ។

លោក ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរខេត្ត បានសម្ដែងទឹកចិត្តរីករាយ ចំពោះកម្មករកម្មការិនី រោងចក្រកាត់ដេរទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ។ លោកបានថ្លែងថា «ក្មួយៗពិតជាមានសំណាងណាស់ ដែលមិនបានឆ្លងកាត់របបប៉ុលពត។ ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់យាយតាឪពុកម្ដាយក្មួយ និងប្រជាជនកម្ពុជាទូទាំងប្រទេស កាលពី៣៧ឆ្នាំមុន ក្មួយៗប្រហែលជាមិនជឿ នូវការធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង របស់ពួកប៉ុលពតទេ ដូច្នេះអាចសួរឪពុកម្ដាយ របស់ក្មួយៗបាន។ សព្វថ្ងៃនេះក្មួយៗធ្វើកម្មករនៅក្នុងរោងចក្រ សុទ្ធតែមានរថយន្តទៅដឹកតាមផ្ទះ ចំពេលដែលប្រទេសជាតិកំពុងរីកចំរើនលើគ្រប់វិស័យ ដូច្នេះបើមានបញ្ហាអីយើងត្រូវដោះស្រា និង រួមសុខរួមទុក្ខជាមួយគ្នា ត្រូវចាត់ទុករូបលោក ក្នុងក្រុមគ្រួសារតែមួយ កុំធ្វើអ្វីតាមការញុះញង់ របស់បក្សប្រឆាំងនោះ វាមិនល្អទេ»