(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំមមីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅយប់ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារជូនពរដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ក្នុងសារជូនពរនោះលោកទេសរដ្ឋមន្ត្រី សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី ជួយប្រោះព្រំប្រសិទ្ធិពរជ័យ បវរ​សួស្តី​ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងសូមវត្ថុស័ក្កសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរទាំងអស់ជួបតែសេចក្តីសុខសប្បាយ។

ក្នុងសារជូនពរនេះ លោក ស៊ុន ចាន់ថុល សូមពលរដ្ឋខ្មែរជៀសឆ្ងាយពីជំងឺរាតត្បាតកូវីដ១៩ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នាលោកទេសរដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋទាំងអស់រក្សាអនាម័យស្អាតជានិច្ច ដូចជាត្រូវលាងដៃជាមួយទឹកស្អាត និងសាប៊ូ និង ឬទឹកអាល់កុលសម្លាប់មេរោគជាប្រចាំ ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ រក្សាគម្លាតឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ ដើម្បីចៀសផុតពីជំងឺកូវីដ១៩៕