(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការ នាវិមានរដ្ឋសភា។

ក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនោះ លោក William A.Heidt បានប្តេជ្ញាជំរុញផ្នែកសេដ្ឋកិច្ច របស់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរឡើង ថែមទៀត នេះបើតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ សម្តេចពញាចក្រី ហេង សំរិន ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងសម្តេច ហេង សំរិន និងលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា។

លោក William A.Heidt បានជម្រាបជូនសម្តេច ហេង សំរិន ថា អាមេរិក ជាទីផ្សារនំាចូលដល់សំខាន់ ហើយក្នុងនាមលោក ជាឯកអគ្គរដ្ឋទូតថ្មី លោកនឹងខិតខំជំរុញផ្នែកវិនិយោគ ពីសហរដ្ឋអាមេរិកមកកម្ពុជាបានឲ្យបានកាន់ច្រើនឡើង បន្ថែមទៀត។ លើសពីនេះ លោកសន្យាជួយពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជាឲ្យកាន់តែកើនឡើង ថែមទៀត។

ជាការឆ្លើយតបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវក្តីសាទរ ចំពោះវត្តមានឯកអគ្គរដ្ឋទូតថ្មី លោក William A.Heidt នៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា ក្នុងអាណត្តិរបស់លោក William A.Heidt នៅកម្ពុជា នឹងជួយជំរុញវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សូមជម្រាបថា ឯកអគ្គរដ្ឋទូទអាមេរិកថ្មី លោក William A.Heidt ធ្លាប់បានធ្វើជាមន្ត្រីទូតនៅកម្ពុជា ផ្នែកសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ លើសពីនេះ លោក William A.Heidt ក៏មានភរិយាជានារីខ្មែរផងដែរ ដោយលោកអាចនិយាយភាសាខ្មែរ បានយ៉ាងស្ទាត់ជំនាញ៕