(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ កងកម្លាំងប្រដាប់អាវុធ យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ មន្ត្រីរាជការនិងប្រជាការពារសង្កាត់ព្រៃស សរុបប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ ចុះជួយច្រូតស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតលទ្ធភាពច្រូតស្រូវ ក្នុងភូមិព្រៃសខាងកើតសង្កាត់ព្រៃស លើផ្ទៃដីស្រែប្រមាណ០២ហិកតា។

លោកអភិបាលខណ្ឌ បានឆ្លៀតឱកាសពីការងារស្នូល ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីជួយច្រូតស្រូវប្រជាពលរដ្​ឋដែលមានជីវភាពខ្វះខាត ខ្វះកម្លាំងពលកម្ម ដែលសកម្មភាពនេះ គឺជាការលើកទឹកចិត្ត​ដល់ប្រជាកសិករ ​ក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឲ្យខិតខំបង្កបង្កើនផលឲ្យបានច្រើន និងឲ្យអស់ពីលទ្ធភាព លើផ្ទៃដីបង្កបង្កើនផលដែលមាន ដោយសារប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ភាគច្រើនប្រកបមុខរបរកសិកម្ម ហើយរដ្ឋបាលខណ្ឌ តែងយកចិត្តទុកដាក់ជំរុញការបង្កបង្កើនផល របស់ប្រជាពលរដ្ឋ តាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រនានា ការបូមទឹកសង្គ្រោះស្រូវ និងការជំរុញឲ្យមានការបង្កើត ជាសហគមន៍ដាំដុះ និងសហគមន៍ចិញ្ចឹមសត្វ នៅតាមមូលដ្ឋាន ស្របតាមការណែនាំ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងបានណែនាំដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់គិតគូរ ដល់ការលំបាក និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន៕