(ភ្នំពេញ)៖ ក្នុងកំឡុងពេលយុទ្ធនាការ ប្រយុទ្ធប្រឆាំង Covid-19 និងដើម្បីសន្សំពេលវេលាសិក្សារបស់និស្សិត វិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា (AIB) បានសម្រេចផ្ដល់កម្មវិធីបង្រៀន និងរៀនតាម Online ដល់និស្សិត AIB គ្រប់ជំនាន់ និងគ្រប់ជំនាញទាំងអស់ សម្រាប់ឆមាសទី២ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះតទៅ «ជាបណ្ដោះអាសន្នរហូតមានការណែនាំថ្មី»។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានបញ្ជាក់ឲ្យដឹងថា ការបង្រៀនតាម Online នេះ គឺមិនមានភាពខុសគ្នានោះទេ ចំពោះការបង្រៀននៅក្នុងថ្នាក់ ដោយសារតែគ្រូបង្រៀននីមួយៗ សុទ្ធសឹងតែមានការហ្វឹកហ្វឺន ក្នុងការបង្រៀនតាម Online។

បណ្ឌិត ផុន ណារិន បានលើកឡើងថា គ្រូបង្រៀននីមួយៗ នៅក្នុងពេលដែលគាត់បង្រៀនមុខវិជ្ជារៀងៗខ្លួន គឺពួកគាត់បង្រៀនដោយផ្ទាល់ជាមួយនិស្សិត ដែលអាចឲ្យនិស្សិត មានការសួរនាំគ្នាទៅវិញទៅមក និងមានការ Record នៅក្នុងប្រព័ន្ធអនឡាញនោះផងដែរ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់និស្សិតមានឱកាស អាចមើលម្ដងទៀត និងមើលបានគ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិត ផុន ណារិន ក៏បានស្នើសុំការសហការពីនិស្សិត និងអាណាព្យាបាល មេត្តាចូលរួមជួយសម្របសម្រួល និងផ្តល់មធ្យោបាយ ជូននិស្សិតម្នាក់ៗ នូវវិធីដូចខាងក្រោម៖

១៖ និស្សិតម្នាក់ៗត្រូវស្វែងរកទីតាំងណាមួយ ដែលមានសេវា Internet គ្រប់គ្រាន់ ដើម្បីអង្គុយរៀន
២៖ និស្សិតត្រូវមាន Smart Phone ឬ Laptop/Desktop ដោយភ្ជាប់ជាមួយនូវ Microphone/Web Cam ដែលអាចប្រើប្រាស់កម្មវិធី GoToMeeting, Telegram, Google Classroom, Zoom etc.
៣៖ និស្សិតត្រូវមានប្រព័ន្ធ Internet តាមរយៈ Smart Phone ឬ WIFI
៤៖ និស្សិតត្រូវ Download កម្មវិធី GoToMeeting, Telegram, Google Classroom, Zoom etc.
៥៖ និស្សិតត្រូវបង្កើត G-Mail account ព្រោះការប្រើប្រាស់កម្មវិធី Google Classroom តម្រូវឲ្យមាន G-Mail account
៦៖ បន្តទំនាក់ទំនងជាប្រចាំជាមួយវិទ្យាស្ថាន នៅក្នុងក្រុម Telegram ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ឬ ឯកសារពាក់ព័ន្ធនឹងការរៀនតាម Online។
៧៖ ព័ត៌មានបន្ថែម ឬមានបញ្ហា សូមទំនាក់ទំនងមកវិទ្យាស្ថាន ជាបន្ទាន់ ដើម្បីជួយដោះស្រាយបានទាន់ពេល តាមរយៈទូរស័ព្ទ ០១០ ៦០០ ៣៤៧ / ០១០ ៦០០ ៨៣៣។

បន្ថែមពីនោះទៀត បណ្ឌិត ផុន ណារិន បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ នៃការបង្រៀន និងរៀនតាម Online វិទ្យាស្ថាន តម្រូវឲ្យមានការចូលរួម អនុវត្តវិន័យផ្ទាល់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន ដូចដែលបានអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀនដែរ ហើយនិស្សិតទាំងអស់ នឹងត្រូវបានស្រង់វត្តមានដាក់ពិន្ទុជាធម្មតា។

បច្ចុប្បន្នភាពនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន បាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗ ទាន់សម័យ ដើម្បីធានាគុណភាពខ្ពស់បំផុន នៃការសិក្សារបស់ប្អូនៗ និស្សិត ទាំងអស់គ្នា។ នេះជាការបញ្ជាក់បន្ថែម របស់នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា។

បើតាមបណ្ឌិត ផុន ណារិន បានបញ្ជាក់ថា ជាមធ្យមក្នុង១ឆ្នាំ វិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា មាននិស្សិតកើន ពី៤០០ ទៅ៥០០នាក់ ហើយរំពឹងថា រយៈពេល៥ឆ្នាំ ខាងមុខ វិទ្យាស្ថាន នឹងមានកំណើននិស្សិត ពី៨ពាន់ ទៅ១ម៉ឺននាក់ ខណៈបច្ចុប្បន្ន វិទ្យាស្ថាន មាននិស្សិតសរុប១៣០០នាក់ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

ជាមួយគ្នានេះ បណ្ឌិត ផុន ណារិន ក៏បានឲ្យដឹងផងដែរថា វិទ្យាស្ថាន មានគម្រោងបង្កើត កម្មវិធីរៀនផ្ទាល់ និងរៀនតាមអនឡាញ ក្រោយពីបញ្ចប់ជំងឺកូវីដ-១៩ បើមានការអនុញ្ញាត ពីរាជរដ្ឋាភិបាល ហើយវិទ្យាស្ថាន មិនត្រឹមតែបង្រៀនតែនិស្សិតប៉ុណ្ណោះទេ បង្រៀនទាំងសហគ្រិន ធនាគារ ស្ថាប័នហរិញ្ញវត្ថុ រឺក៏អ្នកជំនួញ ពីតាមសាខា ទូទាំងប្រទេស៕