(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថា ការរិះគន់មកលើកម្ពុជា ពាក់ព័ន្ធនឹងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» គឺជាការរិះគន់ ដែលមានស្តង់ដារពីរ, ជាការរិះគន់បែបអយុត្តិធម៌សម្រាប់កម្ពុជា, ហើយជាការរិះគន់ដែលមានចរិតនយោបាយ។ លោកបានអះអាងថា ប្រទេសគេមានច្បាប់នេះដើម្បីការពារពលរដ្ឋរបស់គេ ហេតុអ្វីកម្ពុជាមិនអាចមានច្បាប់នេះដើម្បីការពារពលរដ្ឋរបស់ខ្លួន។

ការឆ្លើយតបរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីលោកខាងលិចមួយចំនួន បានរិះគន់មកកម្ពុជាថា ការបង្កើតឲ្យមានច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នឹងនាំឲ្យមានការរំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌចំពោះការជួបប្រជុំដោយសន្តិវិធី។

ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ជិន ម៉ាលីន បានឲ្យដឹងថា ប្រទេសលោកខាងលិចមួយចំនួន ដែលជួបនឹងវិបត្តិកូវីដ១៩ បាននិងកំពុងដាក់វិធានការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋយ៉ាងខ្លាំង ហើយជាពិសេសនោះ ប្រទេសដែលមានច្បាប់នេះ បានប្រកាសដាក់ប្រទេសពួកគេស្ថិតនៅក្នុងភាពអាសន្នផងដែរ។ លោកថ្លែងថា អ្នកជំនាញរបស់ប្រទេសពួកគេ មិនដែលរិះគន់ការដាក់ចេញវិធានការ របស់រដ្ឋាភិបាលខ្លួននោះទេ បែរជាមករិះគន់កម្ពុជា ខណៈដែលកម្ពុជាត្រៀមបង្កើតច្បាប់មួយ ដែលមានវិធានការស្រាល សម្រាប់ការពារអាយុជីវិតពលរដ្ឋទៅវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុអ្វីបានជាអញ្ចឹង ពីព្រោះវិធានការរបស់កម្ពុជា អត់មានអីខុសពីបណ្តាប្រទេសទាំងអស់នោះទេ។ ប្រទេសមួយចំនួនបានដាក់វិធានការធ្ងន់ធ្ងរជាងវិធានការ ដែលយើងមានបញ្ញត្តិនៅក្នុងច្បាប់របស់យើងទៀតផង។ ប្រទេសខ្លះកំពុងតែបិទប្រទេសទាំងមូល ប្រទេសខ្លះបិទទីក្រុង ឬក៏តំបន់មួយចំនួន ប្រទេសខ្លះហាមមិនឲ្យមានការជួបជុំគ្នា តម្រូវឲ្យឃុំខ្លួននៅក្នុងផ្ទះ ហើយមានវិធានការទណ្ឌកម្ម ចំពោះប្រជាពលរដ្ឋដែលមិនគោរពវិធានការ»

«គេធ្វើបាន ហើយអត់មាននរណាចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្សទេ? តែនៅពេលដែលកម្ពុជាមានភាពចាំបាច់ ក្នុងការរៀបចំច្បាប់នេះដូចគេដែរ ក្នុងការដាក់ចេញវិធានការដូចគេដែរ ហើយវិធានការកម្ពុជាមានភាពស្រាលជាង មានភាពប្រសើរជាង តែបែរជាមករិះគន់កម្ពុជាថា កំពុងតែរំលោភសិទ្ធិមនុស្ស។ អញ្ចឹងការរិះគន់នេះ គឺជាការរិះគន់បែបអយុត្តិធម៌សម្រាប់កម្ពុជា ការរិះគន់ដែលមានភាពលម្អៀង ដែលមានស្តង់ដារពីរ ហើយជាការរិះគន់ ដែលមានចរិតនយោបាយ»

សម្រាប់លោក ជិន ម៉ាលីន ការរៀបចំច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» របស់កម្ពុជា បានអនុលោម និងស្របទៅតាមបទដ្ឋានគតិយុត្តអន្តរជាតិលើពិភពលោក ដែលជាមូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិមនុស្ស។ ច្បាប់នេះ បានគោរពតាមសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សអន្តរជាតិ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។

លោកបានឲ្យបន្ថែមថា មកដល់ពេលនេះ នៅលើពិភពលោកមានប្រទេសប្រមាណ ៧០% ដែលបានដាក់វិធានការក្នុងការអនុវត្តន៍ «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ជំងឺកូវីដ១៩។ លើសពីនេះ សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ដែលបានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន មានដូចជា ថៃ ម៉ាឡេស៉ី ហ្វីលីពីន ខណៈដែលសិង្ហបុរី និងឥណ្ឌូនេស៉ី អនុវត្តន៍វិធានការហាមពលរដ្ឋមិនឲ្យចល័ត។

សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» របស់កម្ពុជា នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព របស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញ ក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិ ក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បើទោះបីច្បាប់នេះចូលជាធរមានក៏ដោយ ប៉ុន្ដែមិនមែនមានន័យថា រាជរដ្ឋាភិបាលយកច្បាប់នេះមកប្រើនោះទេ ពោលប្រសិនបើស្ថានភាព ដូចពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលគ្មានការចាំបាច់ណាដើម្បីយកច្បាប់នេះមកប្រើប្រាស់ឡើយ។ ច្បាប់នេះទៀតសោទ ក៏បានកំណត់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺធ្វើឡើងម្ដងរយៈពេល៣ខែម្តង ដោយមានសំណើពីឥស្សរជនកំពូលៗ៣រូប គឺប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ហើយនៅពេលបញ្ចប់វិញ ក៏ស្នើដោយឥស្សរជនកំពូលៗ ទាំង៣រូបដដែល៕