(តាកែវ)៖ ក្នុងនាមលោក ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះពង្រឹងឃុំ​កុមាររាជា ស្រុកបាទី ខេត្តតាកែវ ព្រមទាំងលោក សោម អូន និង ក្រុមការងារនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានរៀបចំពិធី រំលឹកខួបទី៣៧ ឆ្នាំនៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៦ នៅភូមិត្រពាំងផ្លុង ដើម្បីគោរពវិញាណក្ខន្ធ និងសូត្រមន្តបង្សុកូល ឧទ្ទិសបុណ្យកុសលជូន ដល់ប្រជាពលរដ្ឋ​ខ្មែរដែលបានស្លាប់ យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម ដោយការធ្វើទារុណកម្ម បង្អត់បាយ ជម្ងឺ និងកាប់សម្លាប់យ៉ាងព្រៃផ្សៃ ។

លោក សោម អូន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ទិវាជ័យជំនះគឺជាសច្ចៈភាព ប្រវត្តិសាស្ត្រដែលបានកើតឡើងនៅប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ ប៉ុល ពត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ បំបាត់សាសនា វត្តអារ៉ាម កាប់សម្លាប់ប្រជាជាតិខ្លួនឯង យ៉ាងសហាវព្រៃផ្សៃអស់ជាង៣លាននាក់ដូច្នេះ ជនទាំងឡាយណាដែលមិនទទួលស្គាល់ថ្ងៃ៧មករា គឺជាការប្រមាថដល់ ព្រលឹងប្រជាជនខ្មែរជាង៣លាននាក់។ លោកបានបញ្ជាក់ថា បើគ្មានថ្ងៃ៧ មករា គឺគ្មានអ្វីៗទាំងអស់ ហើយក៏គ្មានថ្ងៃនេះដែរ ហើយ អ្វីៗដែលមាននៅថ្ងៃនេះគឺ ជាសមិទ្ធិផលដ៏ធំធេង ដែលកើតចេញពីស្មារតី​នៃជ័យជំនះ៧មករា។ គ្មានប្រជាពលរដ្ឋណាម្នាក់ ដែលមិនត្រូវបានបាត់បង់សាច់សារលោហិត ញាតិសណ្តាន ដោយសារការកាប់សម្លាប់នៅក្នុងរបបនេះទេ ។

ដូចនេះអ្នកដែលមិនទទូលស្គាល់ថ្ងៃជ័យជំនះ ៧ មករា គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់ព្រលឹងប្រជាជនខ្មែរ ដែលបានស្លាប់ជាង៣លាននាក់នៅក្នុងរបបវាលពិឃាដ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ។លោក សោម អូន ក៏បានផ្តាំផ្ញើទៅដល់យុវជនជំនាន់ក្រោយ ឲ្យខិតសិក្សាស្វែងយល់ទៅលើកត្តាប្រវត្តិសាស្ត្រឲ្យបានស៊ីជម្រៅ និងបន្តការពារស្មារតី និងសមិទ្ឋិផល ៧មករានេះឲ្យបានស្ថិតស្ថេរជាអមតៈ៕