(ភ្នំពេញ)៖ ម្ចាស់រថយន្ត ​CRV មួយគ្រឿងដោយសារតែ ការធ្វេសប្រហែសឈប់រថយន្ត អែបខាងហើយតែបើកទ្វារចុះ មើលកង់រថយន្ត របស់ខ្លួន បែកដោយមិនបានមើលក្រោយ បណ្ដាលអោយយុវជនម្នាក់ជិះម៉ូតូ មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកនឹងទ្វារដួលបោក ក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហាក់ ស៊ីឌឿន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាកស្មាស់ ពាក់ស្លាកលេខ ១AQ-៨២៣៥។ ចំណែកភាគីម្ចាស់រថយន្តបង្ក មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជិះរថយន្តម៉ាក CRV ពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២I-៦៩០០ ។

ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនកើតហេតុគេឃើញ រថយន្តបង្កបានបើកឡើងស្ពានក្នុងទិសដៅ ពីលិចទៅកើត។ លុះដល់លើស្ពានម្ចាស់សង្ស័យរថយន្តរបស់ខ្លួន បែកកង់ក៏បើកអែបខាងឈប់រួចហើយ បើកទ្វារចុះមកមើលកង់រថយន្ត ដោយមិនបាន មើលក្រោយចៃដន្យជន រងគ្រោះជិះម៉ូតូឡើងស្ពានមកតាមក្រោយ គេចមិទាន់ក៏បុកនឹងទ្វាររថយន្ត ដួលបែកក្បាលហូរឈាមស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ តែម្ដងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីចំណែកសពជន រងគ្រោះសមត្ថកិច្ចទំនាក់ទំនង ទៅក្រុមគ្រួសារ ឱ្យមកទទួលយក ទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី ៕