(ភ្នំពេញ)៖ នៅសាលសនិ្នបាត និងពិព័រណ៍កោះពេជ្រនារាត្រីទី១០ ខែមករា ឆ្នាំ២០១៦ មានរៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជូន សិស្ស-និសិ្សត ដែលមានទីលំនៅ នៅខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅ រាជធានីភ្នំពេញ ក្រោមវត្តមានលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសិស្សនិស្សិតទាំងនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណូមពរមួយចំនួនដល់ប្អូនៗជាសិស្ស-និស្សិត ទាំងអស់ត្រូវចេះសាមគ្គីយកអាសារគ្នាទៅវិញទៅមក ថែទាំសុខភាពឲ្យបានល្អខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងទៅបម្រើជាតិជាពិសេស ជួយអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងជាតិ និងអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រ នូវសកម្មភាពមនុស្សធម៌ ក៏ដូចជា ការអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានការ អញ្ជើញចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំ ឧកញ៉ាសប្បុរសជនជាតិ និងអន្តរជាតិ អស់លោក-លោកស្រី ជាក្រុមការងារ និងប្អូនៗជាសិស្ស-និស្សិតសរុបជាង១,២០០នាក់។ ជាចុងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវវត្ថុអនុស្សវរីយ៍ ដល់ប្អូនៗជាសិស្ស-និស្សិត ចូលរួមទាំងអស់ ដោយក្នុងមួយនាក់ទទួលបាន មួកការពារសុវត្ថិភាព ១ កាតបញ្ចុះតំលៃសាំងតេលា ១សន្លឹក និងថវិកាចំនួន៥០០០០រៀល៕