(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត របៀបវារៈចំនួនបីក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦។

តាមលទ្ធលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកមិញនេះ សេចក្តីព្រាងច្បាប់ចំនួនបី ដែលត្រូវរដ្ឋសភានឹងលើកយក ទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំ នាព្រឹកថ្ងៃពុធ ទី១៣មករា នេះ ហើយនឹងមានការពិភាក្សា និងអនុម័តសេក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងការពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការតំាងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ផងដែរ៕