(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ដឹកនាំលោក ណុប ផា អភិបាលរង និងមន្ត្រីជំនាញខណ្ឌ បានអញ្ជើញចុះពិនិត្យ សមិទ្ធផលផ្លូវបេតុង ដែលជាគម្រោងមូលនិធិខណ្ឌ សង្កាត់ឆ្នាំ២០១៥ ក្នុងសង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងគម្រោងស្តារឡើងវិញ ប្រឡាយព្រែកបារាំង ក្នុងសង្កាត់និរោធ។

ក្នុងឱកាសចុះពិនិត្យសមិទ្ធផល ផ្លូវបេតុង ក្នុងសង្កាត់ក្បាលកោះ លោកអភិបាលបាន ណែនាំឲ្យជំនាញរៀបចំលូបង្ហូរទឹក ប្រវែងជាង១០០ម៉ែត្រ ដែលតភ្ជាប់ពីព្រែកធំ ទៅកាន់វាលស្រែដំណាំ របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកអភិបាល ក៏បានសន្យា នឹងជួយបំពាក់ម៉ាស៊ីនបូមទឹកថ្មីមួយគ្រឿង សម្រាប់បងប្អូនប្រើប្រាស់បូមទឹក ដាក់លូបង្ហូរទឹកផងដែរ៕