(ព្យុងយ៉ាង)៖ មេដឹកនាំវ័យក្មេងរបស់ កូរ៉េខាងជើង លោក គីម ជុនអ៊ុន បានបញ្ជាទៅកាន់​ក្រុម​ អ្នក​វិទ្យាសាស្រ្ត និងបច្ចេកទេសឲ្យផលិត អាវុធថ្មី ដែលមានឥទ្ធិពលខ្លាំងជាង អាវុធនុយក្លេអ៊ែរ បន្ទាប់ពីប្រទេស ឯកោមួយនេះ បានជោគជ័យក្នុងការសាកល្បងបំផ្ទុះគ្រាប់បែក អ៊ីដ្រូសែន នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន The Guardian នៅថ្ងៃទី១១ ខែមករា។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង បានចុះផ្សាយថា នៅថ្ងៃចន្ទនេះ លោក គីម ជុនអ៊ុន បាន​ទៅ​​​មជ្ឈមណ្ឌលផលិត អាវុធនុយក្លេអ៊ែរ ដែលជា​កេរតំណែងតាំងពីជំនាន់ជីតារបស់លោក ដោយក្នុង​នោះសារព័ត៌មានខាងលើបានចុះផ្សាយថា លោក គីម ជុនអ៊ុន បានប្រាប់ ទៅកាន់​​ក្រុម​អ្នកវិទ្យាសាស្ត្រជំនាញឲ្យផលិតអាវុធថ្មី ដែលមានអនុភាព និងឥទ្ធិពលខ្លាំងជាងអាវុធ​នុយក្លេអ៊ែរ។

នៅមុននេះ លោក គីម ជុនអ៊ុន បានប្រកាសទៅកាន់មន្ត្រីយោធា និងពលរដ្ឋខ្លួនថា «ការធ្វើតេស្ដ​គ្រាប់បែកអ៊ីដ្រូសែន គឺជាជំហានមួយ សម្រាប់ការពារខ្លួនឯង និងដើម្បីរក្សា​ការពារ​សន្ដិភាពនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសគឺ​សន្ដិភាពនៅក្នុងតំបន់​ពីគ្រោះថ្នាក់នៃ​សង្គ្រាម​នុយក្លេអ៊ែរ ដែលបង្កឡើងដោយចក្រពត្តិ ដែលមានអាមេរិកជាមេដឹកនាំ ហើយវាជាសិទ្ធិស្របច្បាប់​របស់​រដ្ឋ​មានអធិបតេយ្យភាព និង ជាសកម្មភាព​ត្រឹមត្រូវដែលគ្មាន​នរណា​ម្នាក់​អាចរិះគន់បាន»៕