(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង រួមនឹងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យស្ថានភាពស្ពានបាឡេ ២កន្លែង នៅស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ព្រមទាំងបានណែនាំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាននៅទីនោះ ត្រូវដាក់ផែនការបង្ការ និងទប់ស្កាត់ដល់ប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យពួកគាត់ ធ្វើការសាងសង់អគារដែលជាសំណង់រឹងមាំនៅលើដីចំណីផ្លូវរថភ្លើងនោះឡើយ។
ក្នុងការចុះត្រួតពិនិត្យស្ពាន និងធ្វើការផ្សព្វផ្សាយណែនាំដល់មន្ត្រីអាជ្ញាធរមូលដ្ឋានខាងលើនេះ មានការចូលរួមពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, អាជ្ញាធរស្រុកទាំងពីរ និងមន្ត្រីពាក់ព័ន្ធផងដែរ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមការងារបានចុះពិនិត្យស្ពានបាឡេទាំងពីរកន្លែងនេះ និងដាក់ផែនការដល់អាជ្ញាធរមូលដ្ឋានទាំង ២ស្រុក ដែលគ្រប់គ្រងប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ដោយត្រូវធ្វើយ៉ាងណាដាក់ផែនការហាមឃាត់ដល់ប្រជាពលរដ្ឋ ដែលមកសង់លំនៅឋានលើដីចំណីផ្លូវរថភ្លើង គឺមិនអនុញ្ញាតឲ្យមាន ការសាងសង់អគាររឹងមាំនោះជាដាច់ខាត។
លោក សាន់ យូ ក៏បានជំរុញឱ្យអាជ្ញាធរ ចុះធ្វើបច្ចុប្បន្នភាពចំពោះប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវរថភ្លើង ហើយត្រូវមានវិធានការ ចុះត្រួតពិនិត្យជាប្រចាំ ដល់ប្រជាពលរដ្ឋ ដែលសាងសង់លំនៅដ្ឋាននៅតាមដងផ្លូវរថភ្លើង ដែលជាដែនគ្រប់គ្រងរបស់អាជ្ញាធរស្រុកនីមួយៗឲ្យបានជាប្រចាំផងដែរ៕