(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅរស់ទីនោះ អំពីវិធានការមួយចំនួនរបស់រដ្ឋាភិបាលជប៉ុន ដែលបន្ដរឹតត្បិតជនបរទេសចូលប្រទេសនេះ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19។
តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអះអាងថា អ្នកដំណើរទាំងអស់ដែលចូលប្រទេសជប៉ុន (រួមទាំងនិស្សិត និងកម្មសិក្សាការីខ្មែរដែលបានទៅកម្ពុជាមួយរយៈ) នឹងត្រូវស្នាក់នៅទីកន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយជៀសវាងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ រួមមាន យន្ដហោះ រថភ្លើង រថយន្ដក្រុង និងតាក់ស៉ី។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបន្ថែមទៀតថា វិធានការទាំងពីរខាងលើនេះ នឹងត្រូវអនុវត្តរហូតដល់ចុងខែឧសភា ឆ្នាំ២០២០។
សូមជម្រាបថា យោងតាមគេហទំព័រ Worldometers.info បានបង្ហាញថា ប្រទេសជប៉ុន គិតត្រឹមយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ១៣,៦១៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន៣៨៥នាក់ និងអ្នកជាសះស្បើយ ចំនួន១,៨៩៩នាក់៕