(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធ បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង លើការប្រើប្រាស់ទឹកជាប្រចាំ តាមរយៈការចុះទៅពិនិត្យតាមមាត់អូរ និងស្ទឹង ហើយប្រាប់ទៅប្រជាពលរដ្ឋ បូមទឹកដើម្បីនេសាទត្រី  គោលបំណងរក្សាទឹកទុកប្រើប្រាស់ នៅចំណុចទំនប់បារ៉ែត ស្ថិតក្នុងភូមិចក និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរក្រុងសិរីសោភ័ណបានប្រាប់ថា ដោយបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត លើកង្វះទឹកប្រើប្រាស់ ទើបថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ លោក លី សារី អភិបាលរងខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកត្រួតពិនិត្យនៅចំណុចទំនប់ប៉ារ៉ែត និងភូមិចក ដែលមានទឹកប្រើប្រាស់បានដោយមានអូរប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ អាជ្ញាធរខេត្តបានហាមមិនឱ្យ បូមយកត្រី បង់សំណាញ់ អូសអួនយកត្រីក្នុងអូរ ធ្វើស្រែប្រាំងដើម្បីជួយថែរក្សាទឹកអូរទុក សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋប្រើប្រាស់ នៅពេលទឹកក្រុងសិរីសោភ័ណខ្វះខាតនាពេលខាងមុខនេះ។ លោក លី សារី បានប្រាប់ថា ថ្នាក់ដឹកនាំខេត្ត បានណែនាំដល់ប្រជាកសិករ ដែលបង្កបង្កើនផលរួចហើយ គឺអាចបូមទឹកពីប្រឡាយ អូរ ស្ទឹង ស្រោចស្រព រហូតដល់ប្រមូលផលបាន។ តែហាមមិនឱ្យធ្វើបន្ត និងមិនឱ្យបូមទឹកអូរ ស្រះ បឹងបួ ប្រឡាយយកត្រីនោះទេ គឺត្រូវចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ នៅពេលដែលប្រជាពលរដ្ឋ ខ្វះទឹកប្រើប្រាស់។ លោកសំណូមពរប្រជាពលរដ្ឋ ត្រូវចូលរួមជីកស្តារស្រះដើម្បីរក្សាទឹកទុកប្រើប្រាស់ នៅពេលដែលមានការខ្វះខាតខាងមុខនេះ។

កាលពីពេលកន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រកាស ភាពអាសន្នមួយ ដោយប្រទេសកម្ពុជាទាំងមូល នឹងជួបគ្រោះខ្វះទឹកនារដូវប្រាំងឆ្នាំ២០១៦នេះ ដូច្នេះបានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមរក្សាទឹកទុក សម្រាប់ប្រើប្រាស់នាពេលជួបគ្រោះនោះ៕