(កំពង់ឆ្នាំង)៖ ក្មេងប្រុស-ស្រី៤នាក់ ជាបងប្អូននឹងគ្នា រស់នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស បានក្លាយជាក្មេងកំព្រា ដោយឪពុកបោះបង់ចោល ទៅមានប្រពន្ធចុង ចំណែកម្តាយ​បានទៅធ្វើការនៅប្រទេសថៃ បាត់ដំណឹងសូន្យឈឹង ហើយសព្វថ្ងៃពួកគេបានរស់នៅជាមួយជីដូន អាយុ៧៥ឆ្នាំ ទាំងស៊ីអត់ស៊ីឃ្លានយ៉ាងលំបាកវេទនា។

បច្ចុប្បន្នចៅប្រុសច្បងអាយុ១៤ឆ្នាំ និង១២ឆ្នាំ បានស៊ីឈ្នូលច្រូតកាត់ និងលីសែងឈើឲ្យគេ ដើម្បីយកប្រាប់បន្តិចបន្តួច មកដោះស្រាយជីវភាពរស់នៅ យ៉ាងលំបាក ពីព្រោះជីដូនចាស់​មិនអាចរកស៊ី​អីបាននោះឡើយ។ ទុក្ខជាន់លើទុក្ខទៀតនោះ ក្មេងស្រីជាប្អូនទី៣ មានអាយុ១១ឆ្នាំ ត្រូវបានបងប្រុសជីដូនមួយ អាយុ៣៤ឆ្នាំ ចិត្តតិរឆ្ឆាន បានចាប់រំលោភរហូតបានសម្រេចជាច្រើនដង ហើយរត់គេចខ្លួនបាត់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ។ លោកយាយ តៃ អាយុ៧៥ឆ្នាំ បានឲ្យដឹងថា ចៅគាត់ទាំង៤នាក់ ត្រូវបានម្តាយរបស់ពួកគេ ឃ្លាតចាកចេញទៅធ្វើកម្មករ នៅប្រទេសថៃយូរឆ្នាំហើយ ដោយមុនដំបូងធ្លាប់បានផ្ញើប្រាក់មកជួយចិញ្ចឹមកូនខ្លះដែរ តែក្រោយមកបាត់ដំណឹងសូន្រឈឹងតែម្តង។ ចំណែកឪពុកពួកគេវិញបានចុះចោលកូនៗ បែកទៅមានប្រពន្ធថ្មីបាត់ទៅបន្សល់ទុកពួកគេទាំង៤នាក់ ត្រូវធ្លាក់លើបន្ទុកគាត់ ខណៈដែលគាត់ចាស់ទ្រុឌទ្រោមមិនអាចរកស៊ីចិញ្ចឹមបាននោះឡើយ។ លោកយាយបានរៀបរាប់ទៀតថា សព្វថ្ងៃនេះ បានចៅប្រុសច្បងឈ្មោះ សាយ សុភ័ត្រា អាយុ១៤ឆ្នាំ និងចៅប្រុសបន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ១២ឆ្នាំ ពេលចេញពីរៀនសូត្របានទៅស៊ីឈ្នួលដឹកកណ្តាប់ច្រូតស្រូវ និងលីសែងឈើឲ្យគេ ទើបបានប្រាក់បន្តិចបន្តួច យកមកឲ្យគាត់ទិញអង្ករ និងម្ហូប។ លោកយាយ បានបន្តថា ចៅៗវេទនាប៉ុណ្ណឹងហើយនៅមានឈ្មោះ ឈិន ខុម អាយុ៣៤ឆ្នាំ ជាបងប្អូនជីដូនមួយរបស់ចៅៗ នៅភូមិជាមួយគ្នា បានចាប់ចៅទី៣ អាយុ១១ឆ្នាំ រំលោភជាច្រើនដងទៀត ទម្រាំបែកការឥឡូវវារត់ចោលស្រុកបាត់ទៅហើយ។ លោកយាយ និងចៅៗទាំង៤នាក់ បានលើកដៃសំពះ ស្នើសុំដល់សប្បុរសជន រស់នៅទីជិតឆ្ងាយទាំងអស់ សូមមេត្តាជួយដល់ពួកគាត់ផង ដោយមានការខ្វះខាតខ្លាំងណាស់។ ចំណែកកុមារទាំង៤នាក់ ក៏បានសំណូមពរដល់សប្បុរសជន សូមមេត្តាជួយឧបត្ថមកង់១គ្រឿង សម្រាប់ជិះទៅរៀន ព្រោះសព្វថ្ងៃពេលទៅរៀន ជិះកង់តែមួយ៤នាក់។

មន្រ្តីនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ពាក់ព័ន្ធនឹងបទល្មើសចាប់រំលោភខាងលើនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅដល់ស្នងការដ្ឋាននគរបាលខេត្ត និងដល់តុលាការខេត្តហើយ តែជនល្មើសបានគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕