(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចំរុះ ចុះពិនិត្យគំរោងកសាងផ្លូវ នៅចុងភូមិចុងកោះ  រៀបចំកំពង់ផែយឿត្រី និងផ្សារលក់កសិផលរបស់ប្រជាពលរដ្ឋឲ្យបានល្អ ប្រកបដោយសណ្តាប់ធ្នាប់ និងផាសុកភាព។ ដំណើររបស់អភិបាលខេត្តបានធ្វើឡើង នៅតាមផ្ទះប្រជាពលរដ្ឋរស់នៅ តាមមាត់ទន្លេពីសួនច្បារ ផ្សារក្រោម ដល់ចុងភូមុចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុង-ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងថា «នៅក្នុងខែកុម្ភះ ឆ្នាំ២០១៦ខាងមុខនេះ ខេត្តកំពង់ឆ្នាំង នឹងមានគំរោងកសាងផ្លូវនៅស្របមាត់ទន្លេប្រមាណ៤៥០ម៉ែត្រ នៅចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដើម្បីរៀបចំកំពង់ផែយឿត្រី និងផ្សារលក់កសិផលនៅទីនោះ»។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំ សណ្តាប់ធ្នាប់ខេត្តបានថ្លែងឲ្យដឹងថា តាមគំរោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ តាមមាត់ទន្លេរបស់ខេត្ត ផ្ទះប្រជាពលរដ្ឋចំនួន១៩១គ្រួសារ រស់នៅជាប់មាត់ទន្លេ នឹងត្រូវរើរុះចេញទៅរស់នៅលើទីតាំងថ្មី ដែលអាជ្ញាធរខេត្តបានកំណត់ឲ្យ ហើយផែនការនេះ អាជ្ញាធរភូមិ-សង្កាត់ និងខេត្តបានកោះប្រជុំជាមួយ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបានឯកភាពគ្នា ក្នុងការសុំប្រាក់គោលនយោបាយ ក្នុងពេលរុះរើផ្ទះទៅថ្នាក់លើរួចហើយ។

ដោយឡែក លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា នៅក្នុងខែកុម្ភះ ឆ្នាំ២០១៦នេះ ខេត្តកំពង់ឆ្នាំងនឹងមានគំរោងកសាងផ្លូវ នៅស្របមាត់ទន្លេប្រមាណ៤៥០ម៉ែត្រនៅចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដើម្បីរៀបចំកំពង់ផែយឿត្រី និងផ្សារលក់កសិផលនៅទីនោះ។ ព្រោះថាទីនេះ ជាចំណុចកណ្តាល ដែលប្រជាពលរដ្ឋបានសំណូមពរឲ្យដាក់កំពង់ផែយៀត្រី និងទីផ្សារលក់កសិផលរបស់ អ្នកចំការ និងលក់ឬស្សី ពីងពុង និងស្លឹកផងដែរ។ លោកអភិបាលខេត្ត បានសំណូមពរដល់ក្រុមការងារខេត្តថា ការកសាងផ្លូវតាមមាត់ទន្លេសូមឲ្យប៉ះពាល់តែផ្ទះប្រជាពលរដ្ឋជួរខាងកើត ស្របមាត់ទន្លេបានហើយ  ចំណែកផ្ទះប្រជាពលរដ្ឋ ជួរខាងលិចផ្លូវចាស់សូមកុំឲ្យប៉ះពាល់ដល់ផ្ទះពួកគាត់អី គឺការធ្វើផ្លូវត្រូវងាកមកខាងកើតបន្តិចវិញ។

តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានចូលរួមពិនិត្យទីតាំងធ្វើផ្លូវខាងលើនេះ បានប្រាប់ដឹងថា គំរោងកសាងផ្លូវប្រមាណ៤៥០ម៉ែត្រខាងលើនេះ បានដាក់សុំទៅក្រសួងរួចហើយ នៅពេលគំរោងធ្លាក់មកមន្ទីរសាធារណការខេត្ត និងចាប់ផ្តើមកសាងដែលអាចនឹងធ្វើនៅក្នុងអំឡុងខែកុម្ភះ ឆ្នាំ២០១៦ខាងមុខនេះ។ ដោយត្រូវធ្វើនៅខាងត្បូងស្ថានីយ៍បូមទឹក អានកូប្រវែង១០០ម៉ែត្រ និងធ្វើនៅខាងជើងស្ថានីយ៍បូមទឹកប្រវែង៣៣០ម៉ែត្រ ដើម្បីសម្រួលដល់ការដាក់កំពង់ផែយឿត្រី ការរៀបចំផ្សារលក់កសិផល និងធ្វើដំណើរជូនប្រជាពលរដ្ឋជាង១ពាន់​គ្រួសារដែលផ្លាស់ មករស់នៅទីតាំង​ថ្មីជិតនោះ៕