(ភ្នំពេញ)៖ លោក ថម (O’BRIEN GEORGE ALLEN) ជនជាតិអាមេរិកាំង បានទទួលយុត្តិធម៌ឡើងវិញហើយ កាលពីយប់មិញនេះក្នុងរឿងដីធ្លីនៅខេត្តកំពត បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមលោក ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ដួង តារា បានអះអាងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ពេលនេះលោក ថម បានទទួលយុត្តិធម៌ឡើងវិញហើយ ដោយប្អូនធម៌របស់គាត់ បានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ព្រមទាំងបានសុំទោសចំពោះ កំហុសឆ្គងទៅលើលោក ថម។ លោក ដួង តារា បានបន្ថែមថា ភាគីទាំងពីរបានឯកភាពដោយក្តីរីករាយ ទទួលយកនូវដោះស្រាយល្អនេះក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយនឹងក្តីរំភើបរីករាយ ដោយបានទទួលយុត្តិធម៌នេះ លោក ថម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន ដែលបានជួយដោះស្រាយដោយផ្ទាល់រហូតដល់មានពន្លឺយុត្តិធម៌ពិតប្រាកដចំពោះជនរងគ្រោះ ដែលជាជនបរទេស។
សូមជំរាបថា លោក ថម ជាអ្នកនេសាទនៅរដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក និងជាមនុស្សកំព្រា ឪពុកម្តាយ គ្មានបងប្អូន ប្រពន្ធកូនឡើយ ដោយទឹកចិត្តស្រឡាញ់កម្ពុជា និងចង់មករស់នៅលើទឹកដីកម្ពុជា លោកក៏បានសម្រេចចិត្តលក់ទូកនេសាទ និងទ្រព្យមួយចំនួន បានប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ ព្រមទាំងពឹងពាក់ប្អូនធម៌របស់លោកជាជនជាតិខ្មែរ ដើម្បីឈរឈ្មោះទិញដី នៅខេត្តកំពត ដើម្បីរស់នៅលើទឹកដីខ្មែរ។
ក្រោយពីបានទិញហើយ, ប្អូនធម៌ជនជាតិខ្មែររូបនោះបានឆរបោកយកដីនោះទាំងអស់ ប៉ុន្តែនៅពេលនេះប្អូនធម៌បានទទួលស្គាល់នូវកំហុសរបស់ខ្លួន និងសុំទោស ព្រមទាំងបានប្រគល់ដីទាំងអស់ជូនលោក ថម វិញ៕