(កំពង់ស្ពឺ)៖ កម្លាំងនគរបាលចរាចរណ៍ ខេត្តកំពង់ស្ពឺ ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ Fresh News ជាថ្មីថា គ្រោះថ្នាក់ចរាចរនៅខេត្តកំពង់ស្ពឺ គិតត្រឹមម៉ោង ៨៖១៧ព្រឹកថ្ងៃនេះ មានអ្នកស្លាប់ ៣នាក់ប៉ុណ្ណោះ និងរងរបួសប្រមាណ ៦០នាក់។

នៅព្រឹកព្រលឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ រថយន្តដឹកកម្មករពីរគ្រឿង បានបុកគ្នានៅលើផ្លូវជាតិលេខ៤១ ភូមិយាយត្រកួន ឃុំរកាកោះ ស្រុកគងពិសី (ព្រំប្រទល់គងពិសី - សំរោងទង)។

ក្រោយកើតហេតុភ្លាមៗ ដោយមិនទាន់អាចស្រង់ទិន្នន័យបានច្បាស់លាស់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា មានមនុស្សប្រមាណ ១០នាក់ស្លាប់ និងប្រមាណ ៦០នាក់រងរបួស, តែបន្ទាប់ពីការពិនិត្យ និងជួយសង្រ្គោះរួចរាល់ រកឃើញអ្នកស្លាប់តែ ៣នាក់ប៉ុណ្ណោះ ក្នុងនោះ២នាក់ស្លាប់នៅកន្លែងហេតុ និងម្នាក់ ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ។ ដោយឡែកកម្មករ-កម្មការិនី ប្រមាណ ៦០នាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ លោក ជាវ ប៊ុនរិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្មករដែលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះ ជាកម្មករធ្វើការនៅក្រុមហ៊ុន នូ ខប ក្នុងខេត្តកណ្តាល។ កម្មកររងរបួសជាសមាជិក ប.ស.ស ហើយជាគ្រោះថ្នាក់ការងាររាល់ការព្យាបាលរហូតដល់ជាសះស្បើយជាបន្ទុករបស់ ប.ស.ស ។
អ្នកស្លាប់ ប.ស. ស ផ្តល់ ៤លានរៀលសម្រាប់ចាត់ចែងពិធីបុណ្យសព និងមានផ្តល់បន្ថែមទៀតនូវរបបឧបត្ថម្ភក្រុមគ្រួសារ ប្តី ប្រពន្ធ កូន ជនចាស់ជរា ឪពុក ម្តាយ ជីដូន ជីតា ជាដើម៕

គ្រោះថ្នាក់ចរាចរណ៍នៅសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកមិញស្លាប់ របួសជាច្រើននាក់។

Posted by Fresh News on Monday, January 11, 2016