(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបញ្ជាក់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅឆាប់ៗខាងមុខនេះ សាលារាជធានីភ្នំពេញ និងដាក់ឲ្យប្រើប្រាស់ធុងសំរាមចល័ត ហើយជាមួយគ្នានេះ ភ្នាក់ងារសាលារាជធានីភ្នំពេញ នឹងអនុវត្តន៍ការសម្អាត ប្រមូលសំរាមតាមសួនសាធារណៈ ហើយភ្នាក់ងារទាំងនោះ មានសិទ្ធិផាកពិន័យអ្នកចោលសំរាម ពាសវាលពាសកាលក្រៅធុង។    

លោក ឡុង ឌីម៉ង់ បានសេរសេរក្នុង Facebook ផ្លូវការរបស់លោកថា «បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ នឹងបានឃើញឆាប់ៗនេះ នូវធុងសំរាមចល័ត ដែលនឹងត្រូវដាក់ឲ្យភ្នាក់ងារ សាលារាជធានីអនុវត្ត ការសម្អាតប្រមូលសំរាម តាមសួនសាធារណៈ ហើយពួកគាត់ក៏មានវិក័យបត្រជាប់នឹងខ្លួន ដើម្បីផាកពិន័យដល់អ្នកចោលសំរាម ពាសវាលពាសកាលក្រៅធុងផងដែរ។ នេះនឹងជាការសាកល្បងមុនគេ នៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវាំង មាត់ទន្លេ និងវត្តភ្នំ។ ភ្នាក់ងារដែលនឹងធ្វើកិច្ចការនេះ យើងនឹងជ្រើសរើសពីបុគ្គលិក អង្គភាពសួនច្បារ ហើយក៏នឹងផ្តល់ឱកាស ដល់បងប្អូនឥតទីពឹងពីមជ្ឍមណ្ឌលសង្គមកិច្ចព្រៃស្ពឺផងដែរ»៕