(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រវែង៩៦គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៩៨លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ ជាមួយនឹងគុណភាពក្នុងការសាងសង់ បានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេសដែលក្រសួងបានកំណត់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ១១។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីមើលឱ្យបានដឹងច្បាស់ពីគុណភាពផ្លូវនេះ ក្រុមការងារបានឃួងផ្លូវមើលកំរាស់កៅស៊ូ ដោយមិនមានការកំណត់កន្លែងទុកមុននោះទេ ដោយជាក់ស្តែងគឺមានកំរាស់កៅស៊ូត្រឹមត្រូវតាមស្ទង់ដារបច្ចេកដែលក្រសួងបានកំណត់ ដោយកន្លែងខ្លះមានកំរាស់លើសការកំណត់ថែមទៀតផង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ក្រសួងសាធារណការ នឹងលែងឱ្យមានផ្លូវ ដូចដែលបងប្អូនប្រជាពលរដ្ឋលើកឡើងថា ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាសស៊ីស្តើងទៀតហើយ ដោយនឹងធ្វើផ្លូវឱ្យមានគុណភាព ឱ្យបានរឹងមាំ លែងធ្វើផ្លូវជាប់រហូតទៀតហើយ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ផ្លូវខ្លះខូច មិនមែនដោយសារតែការធ្វើផ្លូវគ្មានគុណភាពនោះទេ គឺដោយសារតែការដឹកទំនិញលើសការកំណត់ដោយច្បាស់ ដឹកធ្ងន់ពេក កន្លែងមានការសាងសង់ផ្ទះខ្ពស់ជាងផ្លូវ ដែលធ្វើឱ្យទឹកដក់នៅលើផ្លូវទើបធ្វើឱ្យផ្លូវឆាប់ខូច ដូចនេះហើយត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកទំនិញលើសការកំណត់ ទើបធ្វើឱ្យផ្លូវយើង អាចជាប់ប្រើប្រាស់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា លោកនឹងនៅតែបន្តចាត់ឱ្យក្រុមការងារពិសេស ចុះត្រួតពិនិត្យការសាងសង់ផ្លូវជាបន្តទៅទៀត ដោយមិនឱ្យមានការដឹងជាមុន ដើម្បីធានាឱ្យបានថា ការសាងសង់ផ្លូវគឺត្រូវតែប្រកបដោយគុណភាព និងត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស ដោយកន្លងមកក៏មានក្រុមហ៊ុនខ្លះ សាងសង់មិនត្រឹមត្រូវតាមស្ទង់ដារបច្ចេក ត្រូវបានក្រសួងតម្រូវឱ្យធ្វើឡើងវិញ និងត្រូវបានព្រមានជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវជាតិលេខ១១នេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ លើក​កម្ពស់ និង​ពង្រីក​ទទឹង​ផ្លូវពី ៩​ម៉ែត្រ ទៅ ១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ទាំង​ក្រោម​កម្រាស់ ៦០​សង់ទីម៉ែត្រ មាន​ទិស​ចរាចរណ៍​ចំនួន​២​គន្លង (១​ទៅ ១​មក) បំពាក់​ដោយ​ផ្លាក​សញ្ញា​ចរាចរណ៍ គូស​គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដង​ផ្លូវ​ផងដែរ។

គម្រោង​ផ្លូវនេះ​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់-ស្ពាន ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស​សំណង់ ក្វាងចូវ​វ៉ានអាន៕