(បាត់ដំបង)៖ បន្ទាប់ពីអង្គភាព Fresh News បានផ្សាយខ្លឹមសារប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសើរលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លើការងារដឹកនាំ គ្រប់វិស័យបានល្អ និងឲ្យអភិបាលខេត្តគ្រប់ខេត្ត យកគម្រូធ្វើតាមនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកចូលចិត្តលេងបណ្តាញទំនាក់ទំនងសង្គម Facebook យ៉ាងច្រើន ទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ចូលមកអបអរសាទរគោរពស្រឡាញ់ និងកោតសរសើរលោក ច័ន្ទ សុផល ជាអភិបាលខេត្តគម្រូមួយរូប និងជាប្រវត្តិសាស្រ្ត មិនដែលមានពីមុនមក។

នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ អ្នកលេងក្នុងបណ្តាញ Facebook ជាច្រើនលើសលប់នាំគ្នាសរសេរសរសើរ និងបង្ហោះរូបថតពីស្នាដៃនានារបស់ លោកអភិបាលខេត្ត ដែលបានធ្វើការគ្រប់សកម្មភាព ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ តាំងពីលោកបានមកកាន់តំណែងជា អភិបាលខេត្តបាត់ដំបង បានជិត២ឆ្នាំកន្លងមក។ បន្ទាប់ពី Facebook ម្នាក់ៗបានចេញផ្សាយភ្លាម ស្រាប់តែមានអ្នកលេងជាច្រើននាក់ផ្សេងទៀត បាននាំគ្នាចុច like comment និង Share បន្តគ្នារហូត។

ជាក់ស្តែងមាន Account Facebook ឈ្មោះ ពូការ៉េ បួន ដែលជាអ្នករចនារូបថត បានបង្ហោះមុនគេ ក្រោយមកស្រាប់តែមានអ្នក like comment និង Share ក្នុងរយៈពេលខ្លីបានទៅដល់ជិត២ពាន់នាក់ក្នុងAccount មួយនេះ។ នេះសបញ្ជាក់ឲ្យឃើញថា ទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រពីមុនមកបែមកសរសើរ និងគាំទ្រលោកអភិបាលខេត្ត យ៉ាងពេញទំហឹងគួរឲ្យកត់សម្គាល់។ ការគាំទ្រនេះ ពិតជាស័ក្តិសម និងទទួលបានពីការសរសើររបស់ សម្តេចតេជោ ហ៊ុន សែន មិនខុសបំណងឡើយ។ នេះពិតជាអ្នកបម្រើរាស្រ្តពិតប្រាកដមែន គឺមិនមែនជាចៅហ្វាយរាស្រ្តនោះឡើយ។

លោក ឈឹម សាបុន ជំនួយការផ្ទាល់របស់លោក ច័ន្ទ សុផល បានបញ្ជាក់ប្រាប់ Fresh News បានឲ្យដឹងថា លោក ច័ន្ទ សុផល ពិតជាអភិបាលខេត្តគម្រូល្អមែន តាំងពីលោកមកកាន់មុខដំណែង ជាអភិបាលខេត្តបាត់ដំបង លោកមិនដែលបាននាំយក បង ប្អូន កូន ក្មួយ ឫសាច់ញាតិ មកតាមធ្វើការជាមួយឡើយ សូម្បីតែ លោកជាជំនួយការសព្វថ្ងៃ ក៏ជាអ្នករស់នៅខេត្តបាត់ដំបងស្រាប់ មិនដែលស្គាល់ និងមិនមានទំនាក់ទំនងពីមុនមកនោះទេ គឺទើបតែស្គាល់ថ្ងៃដែលលោកមកចូលកាន់ដំណែងជាអភិបាលខេត្តបាត់ដំបងប៉ុណ្ណោះ។

លោក ឈឹម សាបុន បានបញ្ជាក់ថា «លោក ច័ន្ទ សុផល គាត់មកធ្វើជាអភិបាលខេត្តបច្ចុប្បន្ននេះ គឺលោកមកតែខ្លួនមួយម្នាក់ឯងគត់ ដោយលោកមិនចូលចិត្តយកសាច់ញាតិសណ្តោងក្រុមគ្រួសារ និយមមកជាមួយឡើយ ហើយលោកគិតតែខំធ្វើការអភិវឌ្ឍន៍ លើគ្រប់វិស័យមិនថា យប់ឬថ្ងៃ គឺគ្មានទាំងថ្ងៃ សៅរ៍ អាទិត្យ ទៀតផងឲ្យតែមានការអ្វីកើតឡើង លោកតែងតែទៅដល់គោលដៅកន្លែងនោះភ្លាមដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងខេត្ត»។

បើតាមប្រវត្តិការងារ កាលពីនៅខេត្តសៀមរាប លោកជាអតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត ក្នុងជំនាន់រដ្ឋកម្ពុជាជាច្រើនឆ្នាំ បន្ទាប់មក ក្លាយជាអភិបាលរងខេត្ត និងបន្តឡើងជាប្រធានក្រមប្រឹក្សា ខេត្តសៀមរាប។លុះដល់ខែកុម្ភៈ ឆ្នាំ២០១៤ លោកត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលខេត្តបាត់ដំបង មកទល់បច្ចុប្បន្ននេះ គឺបានរយៈពេលជិត២ឆ្នាំហើយ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិក៏ធ្លាប់បានកោតសរសើរលោកនៅក្នុងសាលប្រជុំសាលាខេត្តបាត់ដំបងផងដែរ ក្នុងឱកាសមកបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា លោក ច័ន្ទ សុផល គឺជាគ្រាប់ពេជ្រមួយគ្រាប់ ដែលបានច្នៃរួចពីខេត្តសៀមរាប ហេតុអីបានមករះនៅឯខេត្តបាត់ដំបងទៅវិញ គួរឲ្យសោកស្តាយណាស់ តែមិនដឹងធ្វើម៉េច បើរាជរដ្ឋាបាលបានផ្តល់សេចក្តីទុកចិត្តទៅលើរូបលោក ឲ្យមកកាន់ដំណែងនៅជាអភិបាលខេត្តបាត់ដំបង។ លោកបញ្ជាក់ថា នៅទីណាមិនសំខាន់ទេ គឺសុទ្ធតែបម្រើជាតិ និងប្រជាពលរដ្ឋដូចគ្នាទេ៕