(ភ្នំពេញ)៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានលើកឡើងថា នៅពេលនេះ យើងទាំងអស់គ្នា ត្រូវតែបង្កើតទម្លាប់ថ្មីមួយ ដោយមិនអាចវិលទៅរក ទម្លាប់ដូចមុនពេលកើតជំងឺកូវីដ-១៩នោះទេ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រី Li Ailan អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនអាចត្រឡប់ ទៅកាន់ភាពធម្មតា កាលពីដូចដើមមុននោះទេ (មុនកើតកូវីដ១៩) គឺយើងត្រូវតែបង្កើតទម្លាប់មួយដែលថ្មី...ជាលក្ខណៈស្ដង់ដារថ្មីមួយ»។
បន្ថែមពីនោះទៀត លោកស្រី Li Ailan ក៏បានជម្រាបទៅដល់សាធារណៈជន ឲ្យដឹងផងដែរថា យើងត្រូវតែធ្វើការគ្រប់គ្រង់ ទៅលើហានិភ័យថ្មីនេះ (កូវីដ-១៩) រួមគ្នា ដោយការសម្រេចចិត្ដ របស់បុគ្គលម្នាក់ៗ ក៏ដូចជាការសម្រេចចិត្ដ របស់សង្គមទាំងមូល គឺក្នុងន័យសម្រាប់ការពារ ដើម្បីការពារការបាត់បង់ជីវិត។
លោកស្រី Li Ailan បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែជាបញ្ហាសុខភាពសាធារណៈ ដ៏មានភាពស្មុកស្មាញ់ ទាំងនៅក្នុងសកលលោក ទាំងនៅក្នុងប្រទេសកម្ពុជា។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយ នៅក្នុងសកលលោក ដែលជាសហគមន៍មួយ នៅក្នុងសកលលោក។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានលើកឡើងថា មកដល់ថ្ងៃនេះ គឺមានចំនួនកូវីដ-១៩ ប្រហែលជាង៣លានករណី ហើយនៅក្នុងនោះ ក៏មានករណីស្លាប់ ប្រហែលជាង២០ម៉ឺនករណី ដែលបានរាយការណ៍មក អង្គការសុខាពិភពលោក។
ទន្ទឹមគ្នានោះ លោកស្រី Li Ailan បានបញ្ជាក់ថា យើងសង្កេតឃើញថា នៅក្នុងប្រទេសមួយចំនួន ក្នុងពិភពលោក គឺថា មានលក្ខណៈស្ថានភាពហ្នឹងណបានល្អ ហើយ នៅក្នុងតំបន់ខ្លះទៀត មានការថយចុះចំនួនករណី ដែលជាដំណឹងមួយដ៏ល្អ ប៉ុន្ដែនៅក្នុងប្រទេសមួយចំនួនទៀត ការផ្ទុះនៃជំងឺនៅតែមានការកើតមានឡើងដដែល។
លោកស្រី បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ន សម្រាប់ជំងឺកូវីដ-១៩ នៅក្នុងពិភពលោកនេះ គឺនៅមានរយៈពេលឆ្ងាយណាស់ ក្នុងការបញ្ចប់ ហើយដរាបណា ប្រទេសផ្សេងៗ នៅក្នុងពិភពលោក នៅតែមានបញ្ហាការផ្ទុះជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជា នៅតែប្រឈមមុខដដែល។
សូមជម្រាបថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមាន ករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ សរុបចំនួន១២០នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ។
ការប្រកាស របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងឱកាស ធ្វើសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០៕