(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដ CAMRY ឆ្លាម១គ្រឿង​បើកមកចតចាំប្រពន្ធ នៅតាមចិញ្ចើមផ្លូវ ចូលទិញម្ហូបក្នុងផ្សារទួលសង្កែ បានបើកទ្វាររថយន្ដ​មិនមើលមុខក្រោយបានប៉ះ​ទាក់ដៃចង្កូត​និស្សិតស្រីម្នាក់ ដែលបើកម៉ូតូសង់ឌ្រីម​C១២៥ ស្របទិសបណ្ដាលឲ្យដួលបោក នឹងថ្នល់ស្ទើរដាច់មេជើង និងបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ នៅវេលាម៉ោង​៤៖០០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦ នៅចំណុចផ្លូវលេខ៦២R ខាងជើងជាប់វត្តទួលសង្កែ ក្រុម១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

និស្សិតស្រី​រងគ្រោះឈ្មោះ តុន ចាន់ថេន អាយុ២២ឆ្នាំ ស្នាក់នៅ ផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងជាម្ចាស់ម៉ូតូសង់ឌ្រីម C១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់​ស្លាកលេខភ្នំពេញ ១CQ-១៤៥១។ រីឯ​អ្នកបង្ករ​ឈ្មោះ ធី ប៊ុណ្យ អាយុ៤១ឆ្នាំ មានមុខរបរជា​មន្ត្រីអាវុធហត្ថ ស្នាក់​នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងជាម្ចាស់រថយន្ដ CAMRY ឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២D-៧១៧៤។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា មុនកើតហេតុ​បុរសជាម្ចាស់​រថយន្ដបានបើករថយន្ដ​របស់ខ្លួន ពីលិចមកកើត​មកឈប់ នៅចំណុច​កើតហេតុ​ដោយ​រង់ចាំប្រពន្ធ​ចូលផ្សារទួលសង្កែ ដើម្បីទិញ​ម្ហូបដោយបើក​ទ្វាររថយន្ដ​មិនមើល​មុខក្រោយស្របពេល និងម៉ូតូរបស់និស្សិតស្រីម្នាក់ បើកមកដល់ទាក់ដៃចង្កូតដួលប្លោងអូសស្ទើរដាច់ម្រាមជើង និងត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ដសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែបានឲ្យដឹងទៀតថា ក្រោយពីរធ្វើការវាស់វែងរួចរាល់ រថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕