(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ក្នុងព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលថា «ខ្ញុំបានទទួលដំណឹងយ៉ាងក្រៀមក្រំ អំពីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។

ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ ដំណឹងមរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធសាសនិកជន ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជាកុលធីតាដ៏ល្អប្រពៃឧត្តុង្គឧត្តមមួយរូប នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំសូមសម្ដែងនូវការគោរព និងសូមបួងសួង សូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា អញ្ជើញទៅកាន់សុគតិភពកុំបីខាន»