(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានប្រកាសថា ការបាញ់សាកល្បងអាវុធរបស់ខ្លួន នាពេលថ្មីៗនេះ បានផ្តល់លទ្ធភាពសម្រាប់ខ្លួនគ្រប់គ្រាន់ ក្នុងការ​បំផ្លាញដែនដីសហរដ្ឋអាម៉េរិកទាំងមូល ក្នុងពេលតែមួយបាន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

សំដីដ៏អំណួតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើឡើងនាពេលនេះ គឺក្នុងរយៈពេលប្រាំមួយថ្ងៃបន្ទាប់ពី​ប្រទេសកុម្មុយនីសមួយនេះ ប្រកាសថា ខ្លួនទទួលបានជោគជ័យ​ក្នុងការ​បំផ្ទុះគ្រាប់បែក​អ៊ីដ្រូសែន។​

បន្ទាប់ពីមានការថ្កោលទោសទាក់ទងនឹងបំផ្ទុះគ្រាប់បែកនេះ ប្រទេស កូរ៉េខាងជើងបានបញ្ជាក់អះអាងថា ការបាញ់សាកល្បងអាវុធនេះ មិនមានបំណងគំរាមកំហែង ឬបង្កទំនាស់ជាមួយភាគីណាមួយឡើយ គឺគ្រាន់តែដើម្បីធានាបានថា គូសត្រូវខាងក្រៅ មិនវាយប្រហារ​មកលើទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ៕