(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានថ្លែងកោតសរសើរ និងគាំទ្រចំណាត់ការភ្លាមៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតយកសិទ្ធិកាន់កាប់ ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution Co.,មកវិញគ្រប់គ្រងវិញ។ លោកថា ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ហាក់កាន់តែយល់ចិត្តប្រជាពលរដ្ឋ កាន់តែច្រើនហើយ។

ការថ្លែងគាំទ្ររបស់តំណាងរាស្រ្តបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយភ្លាមៗ លុបចោលកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន AZ Distribution Co., ស្តីពីការយកកម្រៃសេវាថែទាំ និងជួសជុលផ្លូវជាតិលេខ៤។ ពោលគឺអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ដោយមិនមានការបង់សេវា ឆ្លងកាត់ដូចមុននោះទេ។

លោក សុន ឆ័យ បានលើកឡើងថា «រាជរដ្ឋាភិបាលឥឡូវ លោកហាក់ដូចជា យល់ចិត្តប្រជាពលរដ្ឋកាន់តែច្រើន ហើយលោកបានចាត់វិធានការភ្លាមៗ ដើម្បីសម្រួលដល់ជីវភាព ប្រជាពលរដ្ឋ» «ខ្ញុំគាំទ្រទាំងស្រុង យើងបានទះដៃ អបអរសាទរទាំងអស់គ្នា នៅក្នុងរដ្ឋសភា»

មុននឹងឈានដល់ការសម្រេចនេះ ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ធ្លាប់បានទទូចឱ្យរដ្ឋាភិបាលកម្ពុជា និងផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យដកហូត យកសិទ្ធិកាន់កាប់ផ្លូវជាតិ លេខ៤ត្រឡប់មកវិញ។

នៅលើទំព័រ Facebook បន្ទាប់ពីចេញសេចក្តីសម្រេចភ្លាមៗ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពន្យល់ទៅកាន់អ្នកគាំទ្រថា «កង្វល់និងការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ គឺជាកង្វល់និងការព្រួបារម្ភរបស់ខ្ញុំផ្ទាល់។ ជាពិសេសពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ទាំងអស់គឺបានសំណូមពរ មករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់អំពីការពិបាកគ្រប់យ៉ាង ក្នុងការបង់លុយ សម្រាប់ធ្វើដំណើរលើផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី គឺបានសម្រេចបញ្ឈប់ មិនឲ្យយកលុយទាំងស្រុង ពីអ្នកធ្វើដំណើរចាប់ពី ម៉ោង១២ យប់ ថ្ងៃទី១៣ មករា ២០១៦នេះតទៅ»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអរគុណប្រជាពលរដ្ឋដែលតែងតែផ្តល់ព័ត៌មានពិត និងយោបល់ល្អៗតាមរយៈគេហទំព័រFacebook កន្លងមក ដើម្បីរួមគ្នាដោះស្រាយ និង កសាងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើខ្លាំងទៅមុខទៀត។

សូមបញ្ជាក់ថា មុននឹងឈានដល់ការដកហូត យកសិទ្ធិកាន់កាប់ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution Co., ត្រឡប់មកវិញនោះ នាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដកហូតសិទ្ធិកាន់កាប់ផ្លូវពីក្រុមហ៊ុនឯកជន មួយចំនួនជាបន្តបន្ទាប់ដែរ ក្នុងនោះមានផ្លូវ២០០៤ និង ផ្លូវវេងស្រេងជាដើម។ ខាងក្រោមនេះជាសារថ្លែងអំណរគុណ របស់ប្រជាពលរដ្ឋ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន៖

 

Posted by Fresh News Photo on Wednesday, January 13, 2016