(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមុននេះនាយហ្វ្រេស យើងបានទៅជូនដំណើរបងប្អូនឡើងយន្តហោះចេញទៅក្រៅប្រទេស ក៏ឈាងចូលហូបគុយទាវ នៅហាងចិនមួយកន្លែងក្បែរក្លោងទ្វារចូល វត្តតាំងក្រសាំងមុខ ព្រលានយន្តហោះ។

កំពុងតែហូបមិនទាន់បានពាក់កណ្ដាលចានផង ស្រាប់តែឮអ្នកអង្គុយតុក្បែរគ្នានាំគ្នានិយាយរអ៊ូៗធ្វើឲ្យនាយហ្វ្រេសយើង ខំផ្ទៀងត្រចៀកស្ដាប់ទើបដឹងថា ពួកគាត់នាំ គ្នានិយាយឆ្ងល់ពីរឿង​ទីតាំងក្រុមហ៊ុនមួយ នៅមុខព្រលានយន្តហោះនេះ ពីមុនជាក្រុមហ៊ុននាំចូល និងលក់រថយន្តថ្មីៗប្រភេទទំនើបៗមួយគ្រឿងតម្លៃរាប់ម៉ឺនដុល្លារ ឥឡូវបាត់រថយន្តទំនើបៗដាក់​តាំងលក់អស់ បែរជាឃើញសុទ្ធតែម៉ូតូត្រូវបានគេយកមកតាំងលក់ជំនួសទៅវិញ។

ខណៈមានអ្នកឆ្ងល់បែបនេះស្រាប់តែមានបុរសវ័យកណ្ដាលម្នាក់ ដែលរួមតុជាមួយក៏លូកមាត់និយាយថា មិនឲ្យបាត់រថយន្តទំនើបៗលែងឲ្យ មានតាំងលក់នៅក្នុងក្រុមហ៊ុនម្ដេចកើត បើក្រុមហ៊ុនមួយនឹងលក់តែឡានអត់ពន្ធនឹង!

ក្រោយពីលូកមាត់ហើយបុរសខាងលើទំនងជាអ្នកដឹងរឿងច្រើន ហើយមើលទៅក៏បន្តនិយាយថា អ្នកធំអ្នកតូចមន្ត្រីសមត្ថកិច្ចអ្នក រកស៊ី គយ នគរបាលសេដ្ឋកិច្ចរូបណា ដែលមិនស្គាល់ក្រុមហ៊ុន អិល អឹម អូតូខារ៏ (LM Auto Car) របស់លោកឧត្តមសេនីយ៏ ឡុង ម៉េង នោះ! ពីមុនមកក្រុមហ៊ុន អិល អឹម អូតូខារ៏ (LM Auto Car) ភាគច្រើនគឺរកស៊ីនាំឡានថ្មីៗអត់ពន្ធពីប្រទេសថៃ យកមកលក់​ឲ្យមន្ត្រីធំៗ ក្រុមឧកញ៉ា អ្នកមានលុយណាដែលហ៊ានទិញយកទៅជិះ ឬក៏ទិញជិះក្រោមរូបភាពជំពាក់ពន្ធរដ្ឋជាដើម។

តាមរយៈក្រុមហ៊ុននេះគេដឹងថា មានរថយន្តថ្មីៗអត់ពន្ធរាប់សិបគ្រឿង ត្រូវបានគេនាំយកមកចែកចាយលក់នៅលើទីផ្សារបង្កជាវិបត្តិរថយន្ត អត់បង់ពន្ធនាំ ចូលយ៉ាងច្រើននៅក្នុងស្រុកខ្មែរ។ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពគយធ្វើការរិតបន្តឹង និងបង្ក្រាបរថយន្តអត់ពន្ធដោយចាប់ឲ្យបង់ពន្ធ និងពិន័យនៅក្នុងរយៈពេលប៉ុន្មានខែនេះមក ទំនងក្រុមហ៊ុនមួយនេះដែលគេដឹងថា ភាគច្រើនលក់រថយន្តអត់ពន្ធនោះក៏ចាប់ផ្ដើមជំលៀសរថយន្តអត់ពន្ធចេញពីឃ្លាំង ពីក្រុមហ៊ុន ហើយទំនងដើម្បីកុំឲ្យគេចាប់អារម្មណ៏ ឬខ្មាស់គេក៏យកម៉ូតូមកដាក់តាំងលក់វិញតែម្ដងទៅ។បុរសខាងលើបានបន្ថែមថាលោកឧត្តមសេនីយ៏ ឡុង ម៉េង ក្រៅពីរកស៊ីនាំ
រថយន្តថ្មីៗដោយភាគច្រើនជារថយន្តអត់ពន្ធយកមកលក់នៅស្រុកខ្មែរ នាពេលកន្លងមកនោះគេក៏ដឹងថា លោកមានក្រុមហ៊ុននាំទំនិញ ពីក្រៅប្រទេស និងមានក្រុមហ៊ុនស៊ីឈ្នួល ដឹកជញ្ជូនទំនិញតាមរបៀបកាងរត់ការផ្លូវបង់ពន្ធ មិនគ្រប់ពីព្រំដែន ពីកំពង់ផែនានាចូលមកភ្នំពេញផងដែរ ដែលរថយន្តរបស់លោកភាគច្រើនគេឃើញមានបិទស្លាកអក្សរ អិល អឹម(LM) ដែលសមត្ថកិច្ចតូចតាច នៅតាមដងផ្លូវគ្រាន់តែឃើញរថយន្តយីឌុប និងរថយន្តដឹកទំនិញគ្រប់ប្រភេទបិទអក្សរអិលអឹម គ្មានអ្នកណាហ៊ានប៉ះនោះឡើយ។

មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៏រូបនេះថែមទាំងមានដៃគូមានកំពង់ផែ ឯកជននៅស្រុកស្រែអំបិល ខេត្តកោះកុង រកស៊ីនាំទំនិញពីប្រទេសថៃ ចូលមកដោយគេដឹងថាទំនិញនាំចូលតាម ក្រុមហ៊ុននេះ​ភាគច្រើនបង់​ពន្ធមិនគ្រប់ទៀតផង។ ចំណែកសមត្ថកិច្ចមួយចំនួនដែលមាន ភារកិច្ចកៀរគរកចំណូលពន្ធ និងមានភារកិច្ចទប់ស្កាត់អំពើរត់គេច​ពន្ធបានក្លាយទៅជាដៃគូចិញ្ចឹមឆ្នាំងបាយអស់ទៅហើយ។

ខាងលើនេះគឺគ្រាន់តែជាការលើកឡើងរបស់ក្រុមមាត់ដាចទំនងជាអ្នកដឹងរឿងច្រើនតែប៉ុណ្ណោះ តែជារឿងពិត១០០ភាគរយ ឬយ៉ាងណានោះ គ្មានអ្នកណាហ៊ានអះអាងនោះ ទេ គ្រាន់តែគេដឹងថារឿងឧត្តមសេនីយ៏ ឡុង ម៉េង រកស៊ីនាំទំនិញបង់ពន្ធមិនគ្រប់ និងរកស៊ីនាំរថយន្តថ្មីអត់ពន្ធ យកមកលក់នៅស្រុកខ្មែរនេះគេធ្លាប់ល្បីយូរឆ្នាំមកហើយ។

ដូច្នេះរាជរដ្ឋាភិបាលគួរដល់ពេល ធ្វើការស្រាវជ្រាវលប់បំបាត់ហើយ ដើម្បីប្រមូលចំណូលចូលរដ្ឋឲ្យបានច្រើន ប្រសិនបើដូចអ្វីដែលគេអះអាងមែននោះ៕